កាលពីពេលថ្មីៗនេះ លោក Guo Wengui ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញដែលត្រូវបាននិរទេសចេញពីប្រទេសចិន និងជាដៃគូអាជីវកម្មរបស់អតីតទីប្រឹក្សាហិរញ្ញវត្ថុរបស់អតីតប្រធានាធិបតី Donald Trump គឺលោក Steve Bannon បានប្រកាសក្ស័យធន ក្រោយតុលាការបញ្ជាឲ្យលោកសងបំណុលប្រមាណ ១៣៤ លានដុល្លារ។
បើតាមសម្ដីរបស់លោក Guo ដែលមានឈ្មោះក្រៅ Miles Kwok ឬ Kwok Ho Wan នៅក្នុងញត្តិបានឲ្យដឹងថា បំណុលរបស់លោកទាំងអស់ គឺមិនជាប់ពាក់ព័ន្ធនឹងដំណើរការអាជីវកម្ម ឬក៏ទាក់ទងនឹងអតិថិជនណាម្នាក់ឡើយ ដោយវាគឺទាក់ទងនឹងការចំណាយលើវិវាទ ការទាមទារ និងការវិនិច្ឆ័យទៅវិញ។
ដោយឡែក កាលពីសប្ដាហ៍មុនតុលាការបានទុកពេលឲ្យលោក Guo ៥ថ្ងៃក្នុងការបង់ថ្លៃពិន័យ ក្រោយល្មើសបញ្ជាតុលាការដែលតម្រូវឲ្យនាវាផ្ទាល់ខ្លួនរបស់លោកត្រូវចតទុកទីក្រុង New York តែវាបែរជាធ្វើដំណើរទៅប្រទេស Bahamas ទៅវិញ ស្របពេលលោកអះអាងថា មិនមែនជាម្ចាស់កម្មសិទ្ធិនៃនាវាមួយនោះ។
លោក Guo បានអះអាងថា លោកបានជាប់បំណុលមនុស្សប្រមាណពី ៥០ ទៅ ៩៩ នាក់ ដោយទ្រព្យសម្បត្តិរបស់លោកនាពេលបច្ចុប្បន្នគឺមានចន្លោះពី ៥ ទៅ ១០ ម៉ឺនដុល្លារ ខណៈបំណុលវិញគឺវ័ណ្ឌក ពោលចន្លោះពី ១០០ ទៅ ៥០០ លានដុល្លារឯណោះ៕
ប្រភព: Yahoo