ក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងសម្ភារកីឡាអាល្លឺម៉ង់ Adidas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការលក់របស់ខ្លួននឹងរីកចម្រើន នៅក្នុងទីផ្សារដ៏សំខាន់ ក្នុងប្រទេសចិន នៅឆ្នាំ ២០២២ នេះ បើទោះបីជាក្រុមហ៊ុនបានទទួលរងផលប៉ះពាល់ ដោយសារជំងឺឆ្លងកូវីដ ១៩ និងមានការធ្វើពិហិការ របស់ប្រជាជនចិន ទៅលើការប្រើប្រាស់ម៉ាកយីហោរបស់ប្រទេសលោកខាងលិច ក៏ដោយ ។
ជាក់ស្តែង ការលើកឡើងនេះបានកើតឡើង បន្ទាប់ពីទស្សនាវដ្តី Manager Magazin បានរាយការណ៍ថា Adidas រំពឹងថាការលក់របស់ខ្លួន នៅក្នុងប្រទេសចិន នឹងធ្លាក់ចុះប្រហែល ៤០០ លានអឺរ៉ូ ឬ ៤៥៥ លានដុល្លារ នៅក្នុងឆ្នាំ ២០២២ នេះ។
តែទោះជាយ៉ាងណាក៏ដោយ នៅពេលសួរនាំអំពីការចុះផ្សាយបែបនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Adidas បានចេញមុខឆ្លើយតបវិញថា ” អាជីវកម្មរបស់យើង នៅក្នុងប្រទេសចិន បានកើនឡើងនៅឆ្នាំ ២០២១ ដូច្នេះហើយអាជីវកម្មរបស់យើង នៅក្នុងប្រទេសចិន ក៏នឹងបន្តកើនឡើងនៅក្នុងឆ្នាំ ២០២២ នេះផងដែរ ” ។
ជម្រាបជូនផងដែរថា ការលក់នៅក្នុងត្រីមាសទី ៣ របស់ Adidas បានធ្លាក់ចុះ ១៥% នៅ Greater China បើទោះបីជាពួកគេបានកើនឡើង ១៥% ក្នុងរយ:ពេល ៩ ខែដំបូងនៃឆ្នាំទៅ ក៏ដោយ ។
រំលឹកផងដែរថា ប្រជាជនចិន បាននាំគ្នាធ្វើពហិការមិនប្រើប្រាស់ម៉ាកយីហោរបស់ប្រទេសលោកខាងលិច បន្ទាប់ពីក្រុមហ៊ុនបានរងការរិះគន់ ចំពោះការនិយាយថា ពួកគេនឹងមិនយកកប្បាស ពីខេត្តស៊ីនជាំងទៀតនោះទេ បន្ទាប់ពីមានរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្ស ដែលប្រឆាំងទៅនឹងជនជាតិអ៊ុយហ្គួរម៉ូស្លីម នៅក្នុងតំបន់នោះ តែទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងប៉េកាំង បានច្រានចោលចំពោះរបាយការណ៍នេះទាំងស្រុង ៕
ប្រភព: Kelo News