កាលពីថ្ងៃទី ១៦ កុម្ភៈកន្លងទៅ កូនស្រីរបស់ស្ដេចត្រាញ់សិង្ហបុរី Peter Lim បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងសង្សាររបស់នាង ដែលមិនត្រូវបានទម្លាយឲ្យដឹងពីប្រវត្តិរូបនៅឡើយ ដោយត្រូវបានគេហៅថា “L”។
កូនកំលោះម្នាក់នេះបានសុំ Kim Lim រៀបការកាលពីខែកញ្ញាកន្លងទៅ ជាមួយនឹងចិញ្ចៀនពេជ្រ ដែលមានតម្លៃអាចទិញបានខុនដូ HBD នៅសិង្ហបុរីមួយ។
ដោយសារជាប់សែស្រឡាយចិន ដូច្នេះកម្មវិធីមង្គលការក៏បានប្រារព្ធធ្វើទៅតាមប្រពៃណីចិន ដែលក្នុងនោះមានកម្មវិធីមួយឈ្មោះថា Guo Da Li ដែលតម្រូវឲ្យគ្រួសារកូនកំលោះនាំយកកាដូជូនដល់គ្រួសារកូនក្រមុំ ដើម្បីបង្ហាញពីការគោរព និងភាពស្មោះត្រង់ ហើយគ្រួសារកូនក្រមុំត្រូវទទួលយកកាដូទាំងនោះ ដើម្បីសំដែងពីការទទួលយកកូនកំលោះចូលក្នុងគ្រួសារ។
កាដូដែល L បានជូនដល់គ្រួសារមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិប្រមាណ ២,៥ ពាន់លានដុល្លារមួយនេះ មានដូចគ្នា មាសគីឡូ ១៥ ដុំ កងដៃនិងខ្សែដៃរូបនាគ និងមយូរា ៨ គូ ខ្សែកមាស ២ ខ្សែ ចិញ្ចៀនមាស និងក្រវិលមាសជាច្រើនគូ កាបូបម៉ាក Hermes ២ នាឡិកា Rolex ១គូ គ្រឿងអលង្ការពេជ្រ ២ ឈុតមានឆ្លាក់ឈ្មោះ Jimmy Choos និងរបស់របរជាច្រើនទៀត។
ដោយឡែកបើយោងតាមការចុះផ្សាយ ពី ICON បានឲ្យដឹងថា តម្លៃសរុបនៃកាដូដែលគ្រួសារកូនកំលោះផ្ដល់ជូនគ្រួសារកូនក្រមុំគឺមានតម្លៃប្រហែល ២ លានដុល្លារសាំងហ្គាពួរ ឬ ១,៥ លានដុល្លារអាមេរិក។
បញ្ជាក់ដែរថា តាមពិតទៅ Lim ធ្លាប់មានគ្រួសារម្ដងហើយ តែដោយសាររស់នៅមិនចុះសម្រុងក៏សម្រេចចិត្តលែងលះ និងបន្សល់កូនប្រុសម្នាក់ជាចំណងដៃ ខណៈស្វាមីថ្មីម្នាក់នេះគឺមិនត្រូវបានដឹងច្បាស់ពីប្រវត្តិនៅឡើយ សូម្បីតែឈ្មោះ ដោយគ្រាន់តែដឹងថា រូបគេនិង Lim ធ្វើការនៅលើវិស័យ IT ជាមួយគ្នាអស់រយៈពេលយូរក្រែលដែរ ហើយបើមើលតាមកាដូដែលជូននេះ សមល្មមអាចសន្និដ្ឋានថា គ្រួសារកូនកំលោះក៏ស្ថិតនៅក្នុងលំដាប់អភិជនដូចគ្នា៕
ប្រភព: cnaluxury