បើនិយាយពីសហគ្រិនដែលទទួលបានភាពជោគជ័យបំផុតសព្វថ្ងៃនេះ Elon Musk ប្រហែលជាបុគ្គលដែលគ្រប់គ្នានឹកឃើញមុនគេជាមិនខាន ព្រោះតាំងពីក្មេង មហាសេដ្ឋីម្នាក់នេះបានបង្កើតស្នាដៃជាច្រើនរាប់មិនអស់។

យ៉ាងណា មុននឹងទទួលបានងារជាបុគ្គលជោគជ័យ និងមានបំផុតលើលោក Elon Musk ក៏ធ្លាប់ត្រូវបានមហាសេដ្ឋីម្នាក់បំបាក់ទឹកចិត្តផងដែរកាលពីជាង ១០ ឆ្នាំមុន ដោយបាននិយាយចំៗថា Tesla នឹងមិនអាចជោគជ័យបានឡើយ។

ដោយឡែក មហាសេដ្ឋីដែលនិយាយបែបនេះទៅកាន់ Musk គឺជា Charlie Munger អនុប្រធានក្រុមហ៊ុន Berkshire Hathaway ដែលជាក្រុមហ៊ុនរបស់បិតាវិនិយោគិន Warren Buffet។ នេះបើតាមការបញ្ជាក់ពី Elon Musk។

“នៅក្នុងឆ្នាំ ២០០៩ ខ្ញុំបានញាំអាហារថ្ងៃត្រង់ជាមួយ Munger ហើយគ្រានោះគាត់បានប្រាប់គ្រប់គ្នានៅទីនោះថា Tesla នឹងបរាជ័យ។ វាពិតជាធ្វើឲ្យខ្ញុំអន់ចិត្តជាខ្លាំង ហើយខ្ញុំបានប្រាប់គាត់ថា ខ្ញុំយល់ស្របជាមួយហេតុផលដែលគាត់បាននិយាយថាពួកយើងប្រហែលជាមិនអាចជោគជ័យ តែវាក៏សមល្មមអាចឲ្យយើងសាកល្បងវាមួយក្ដារដែរ”។
ជាង ១០ ឆ្នាំក្រោយ Tesla បានក្លាយជាក្រុមហ៊ុនធំបំផុតទី ៦ នៅអាមេរិកដែលមានតម្លៃមូលធនទីផ្សារឡើងដល់ ១ ទ្រីលានដុល្លារ ខណៈ Elon Musk ដែលជា CEO មានទ្រព្យសម្បត្តិប្រមាណ ២៤៥,៥ ពាន់លានដុល្លារគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ខណៈ Berkshire Hathaway នៅមិនទាន់ឈានដល់ចំណុចកំពូលនេះនៅឡើយ៕
ប្រភព: entrepreneur