យោងទៅតាមការអះអាងពីឯកសារគណៈកម្មការមូលបត្របានឲ្យដឹងថា ស្ថាបនិកក្រុមហ៊ុន Amzazon លោក Jeff Bezos បានបរិច្ចាគភាគហ៊ុនដែលមានតម្លៃដល់ ទៅ ៩៩,២ លានដុល្លារកាលពីសប្ដាហ៍មុនទៅកាន់ក្រុមមិនរកប្រាក់ចំណេញ។

មកទល់នឹងពេលនេះ ទិសដៅដែល Bezos បានបរិច្ចាគប្រាក់កាសទាំងនោះគឺមិនទាន់បានបង្ហើបជាសាធារណៈនៅឡើយ ស្របពេលអ្នកនាំពាក្យរបស់មហាសេដ្ឋីរូបនេះក៏សុំការបំភ្លឺមិនទាន់បាន។
ចាប់តាំងពីលាលែងតំណែងជានាយកប្រតិបត្តិ Amazon មក Bezos បានចូលរួមកម្មវិធីសប្បុរសធម៌ជាច្រើន រហូតដល់ Forbes បានចុះឈ្មោះលោកជាសប្បុរសជនបរិច្ចាគប្រាក់ច្រើនបំផុតនៅអាមេរិកទៀតផង។

បើតាមរបាយការណ៍ពី Forbes បានឲ្យដឹងថា មហាសេដ្ឋីរូបនេះបានបរិច្ចាគប្រាក់ប្រមាណ ២,១ ពាន់លានដុល្លារ នៅមិនទាន់រាប់ពីការបរិច្ចាគចុងក្រោយជិត ១០០ លានដុល្លារនេះផង។

បញ្ជាក់ដែរថា បច្ចុប្បន្ន Jeff Bezos គឺជាមហាសេដ្ឋីមានបំផុតលើលោកទី ៣ ជាមួយទ្រព្យសម្បត្តិប្រមាណ ១៨១ ពាន់លានដុល្លារ ខណៈ Bernard Arnault ដែលនៅលេខ ២ មានទ្រព្យ ១៨៩,៦ ពាន់លានដុល្លារ ស្របពេល Elon Musk នៅរក្សាតំណែងជាបុគ្គលមានបំផុតលើលោកដដែល៕
ប្រភព: forbesafrica