មហាសេដ្ឋី Aliko Dangote គឺធ្លាប់បានជាប់ងារជាមហាសេដ្ឋីមានបំផុតនៅអាហ្វ្រិកអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ខណៈបើធៀបនឹងបុគ្គលដែលមានងារមហាសេដ្ឋីនៅអាហ្វ្រិក ទ្រព្យសម្បត្តិរបស់បុរសវ័យ ៦៤ ឆ្នាំមានលើសរាប់ដងឯណោះ។

យ៉ាងណា វាអាចនឹងជាលើកទីមួយក្នុងរយៈពេលច្រើនឆ្នាំមកនេះ ដែលប្រធានក្រុមហ៊ុន Dangote អាចនឹងរបូតតំណែងស្ដេចត្រាញ់នៅទ្វីបអាហ្វ្រិក បន្ទាប់ពីទ្រព្យសម្បត្តិលោក Johann Rupert ដែលជាមហាសេដ្ឋីមានបំផុតទី ២ នៅអាហ្វ្រិកកំពុងងើបឡើងខ្លាំងក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយ។

ដោយឡែក យោងតាមការព្យាករណ៍ពី Forbes បានឲ្យដឹងថា Aliko Dangote អាចនឹងរបូតតំណែងជាមហាសេដ្ឋីមានបំផុតនៅអាហ្វ្រិកត្រឹមចុងឆ្នាំ ២០២២ ស្របពេល Ripples Nigeria រាយការណ៍ថា បច្ចុប្បន្នលោក Rupert កំពុងពង្រីកវិសាលភាពទ្រព្យសម្បត្តិយ៉ាងឆាប់រហ័ស។

ប្រភពដដែលបានបន្ថែមថា គិតត្រឹមថ្ងៃទី ១៨ កុម្ភៈ ២០២២ មហាសេដ្ឋីមានបំផុតទី ២ នៅអាហ្វ្រិករកបាន ១៤០ លានដុល្លារពីទីផ្សារហ៊ុនអាហ្វ្រិកខាងត្បូង ស្របពេលលោក Dangote របូតអស់ ២១ លានដុល្លារ។
បញ្ជាក់ដែរថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោក Aliko Dangote គឺមានប្រមាណ ១៤ ពាន់លានដុល្លារ ស្របពេលលោក Johann Rupert មាន ១០,៥ ពាន់លានដុល្លារ៕
ប្រភព: Legit