ប្រទេសឥណ្ឌា និងអារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគដ៏ទូលំទូលាយមួយ កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណ:ការចុះហត្ថលេខានេះ នឹងផ្តល់ផលប្រយោជន៍ទៅលើការកាត់បន្ថយពន្ធលើទំនិញរបស់ប្រទេសទាំង ២ ទៅវិញទៅមក និងមានគោលបំណងបង្កើនទំហំពាណិជ្ជកម្មប្រចាំឆ្នាំរវាងប្រទេសទាំង ២ ដល់ ១០០ ពាន់លានដុល្លារ ក្នុងរយ:ពេល ៥ ឆ្នាំ ថែមទៀតផង ។
ជាក់ស្តែងពិធីចុះហត្ថលេខានេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូង ដែលធ្វើឡើងដោយរដ្ឋឈូងសមុទ្រទាំង ២ ចាប់តាំងពីមានការចាប់ផ្តើមបន្តកិច្ចព្រមព្រៀងបែបនេះ កាលពីខែកញ្ញាឆ្នាំមុន ក្នុងការដេញថ្លៃ ដើម្បីពង្រឹងឋាន:ប្រទេសរបស់ខ្លួន ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ។
មិនតែប៉ុណ្ណោះ លោក Piyush Goyal រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌា បានប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងនេះ អាចបង្កើតការងារបានជាងមួយលាន សម្រាប់ពលរដ្ឋឥណ្ឌា ក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខ ជាពិសេសនៅក្នុងវិស័យ ដែលពឹងផ្អែកខ្លាំង លើកម្លាំងពលកម្មដូចជា ឧស្សាហកម្មរថយន្ត ប្លាស្ទិក ផលិតផលស្បែក និងវិស្វកម្មជាដើម ។
បន្ថែមពីនេះ មេដឹកនាំរបស់ប្រទេសអារ៉ាប់រួម លោក Sheikh Mohamed បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ” កិច្ចព្រមព្រៀងមួយនេះ មិនត្រឹមតែធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់យើងកាន់តែស៊ីជម្រៅជាមួយដៃគូជិតស្និទប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានដោះសោដំណាក់កាលថ្មី នៃកិច្ចសហប្រតិបត្តិការពិភពលោក សម្រាប់យើងទៀតផង” ។
លើសពីនេះទៅទៀត ការិយាល័យនាយករដ្ឋមន្រ្តីឥណ្ឌា បាននិយាយថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) ជាមួយ UAE ត្រូវបានរំពឹងថានឹងជំរុញពាណិជ្ជកម្មមិនមែនប្រេង ទ្វេភាគីប្រចាំឆ្នាំ ពី ៦០ ពាន់លានដុល្លារ ទៅ ១០០ ពាន់លានដុល្លារ ក្នុងរយ:ពេល ពី ៣ ទៅ ៥ ខាងមុខ ៕
ប្រភព: CNA