ពាណិជ្ជករនៅអាស៊ីអាគ្នេយ៍ កំពុងរងទុក្ខដោយសារតែការបិទច្រកព្រំដែនរបស់ចិន

អន្តរជាតិ

រដ្ឋមន្រ្តីការបរទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន បានជួបប្រជុំប្រចាំឆ្នាំមួយ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ ដោយបានលើកឡើងពីក្តីព្រួយបារម្ភយ៉ាងខ្លាំង ទាក់ទិននឹងការ​វិវត្តន៍​ចុងក្រោយ ចំពោះស្ថានភាពសេដ្ឋកិច្ច ខណ:ទីផ្សារដ៏ធំបំផុត របស់តំបន់អាស៊ីអាគ្នេយ៍ គឺប្រទេសចិន នៅតែបន្តបិទច្រកព្រំដែនរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងគោលនយោបាយ ទប់ស្កាត់ជំងឺកូវីដ ១៩ ដ៏តឹងរ៉ឹងរបស់ប្រទេសចិន បានធ្វើឱ្យច្រកព្រំដែនគោក ត្រូវបិទយ៉ាងណែនបំផុត ខណ:ដែលបានធ្វើឱ្យការដឹកជញ្ជូនទំនិញត្រូវបានកកស្ទះ ។ ទន្ទឹមនឹងនេះ ពាណិជ្ជករ កសិករ និងម្ចាស់អាជីវកម្មនៅអាស៊ីអាគ្នេយ៍ កំពុងជួបការលំបាកយ៉ាងខ្លាំង ក្នុងការនាំយកទំនិញរបស់ពួកគេ ចូលទៅក្នុងទីផ្សារ ដ៏ធំបំផុត នៅក្នុងតំបន់មួយនេះ ខណ:វានៅតែមិនទាន់មានសញ្ញា នៃការវិលត្រលប់មករកភាពល្អប្រសើឡើងវិញ នោះទេ ។

ជាការពិត ប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសថៃ ដែលជាអ្នកផ្គត់ផ្គង់ទំនិញស្ងួតសំខាន់ៗ ដូចជាកៅស៊ូ និងគ្រឿងបន្លាស់អគ្គិសនី ដែលមានសារ:សំខាន់សម្រាប់ឧស្សាហកម្មសំណង់ និងរថយន្តរបស់ប្រទេសចិន កំពុងតែជួបការលំបាកខ្លាំង ។

ដោយឡែក នៅក្នុងវិស័យកសិកម្ម វៀតណាម និងមីយ៉ាន់ម៉ា ក៏កំពុងរងទុក្ខផងដែរ ដោយសារច្រើនជាងពាក់កណ្តាលនៃការនាំចូលអង្កររបស់ចិន ក្នុងឆ្នាំ ២០២០ គឺបានមកពីប្រទេសទាំង ២ ហើយចំណែកឯថៃ ដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំណង់ដ៏សំខាន់ ស្របពេលឧស្សាហកម្មបន្ទះឈីប ក៏មានតម្រូវការខ្លាំង សម្រាប់ប្រទេសចិនផងដែរ ។

លើសពីនេះ បើតាមរូបថតថ្មីៗ ដែលបានបង្ហាញពីដីស្រែចំការ ដ៏ធំសម្បើម គឺត្រូវបានគ្របដណ្តប់ដោយផ្លែឈើរលួយ ខណ:រថយន្តដឹកទំនិញ ដែលផ្ទុកទៅដោយបន្លែ ផ្លែឈើ ត្រូវបានរាំងស្ទះនៅត្រឹមច្រកព្រំដែន ដោយមិនឱ្យឆ្លងកាត់ទៅកាន់ទីក្រុងនៃភាគខាងត្បូងរបស់ប្រទេសចិននោះឡើយ បន្ទាប់ពីរដ្ឋាភិបាលប្រទេសមហាអំណាចមួយនេះ បានបញ្ជាឱ្យបន្តបិទទា្វរ កាលពីពេលថ្មីៗ ដោយសារការរីករាលដាលចុងក្រោយ នៃជំងឺកូវីដ ១៩ ។

យ៉ាងណា បើទោះបីជាប្រទេសចិន បានបើកឡើងវិញ នូវច្រកព្រំដែនជាច្រើន នៅខេត្តភាគខាងត្បូងប្រទេសរបស់ខ្លួន កាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីត្រូវបានបិទអស់រយ:ពេលជាច្រើនខែ ក៏ដោយ ប៉ុន្តែរដ្ឋាភិបាលរបស់ប្រទេសនេះ នៅតែបន្តមានការរឹតបន្តឹងច្រកព្រំដែនមួយចំនួន ដោយ​អនុវត្ត​កូតាចាប់ពីច្រកចូលប្រចាំថ្ងៃ រហូតដល់ស្ថានីយ៍សម្លាប់មេរោគតាមព្រំដែន ដែលបានធ្វើឱ្យការដឹកជញ្ជូនទំនិញកាន់តែមានភាពប្រឈមខ្លាំង ដោយសារឆ្លងកាត់បុស្តិ៍ត្រួតពិនិត្យជាច្រើន ។

ជុំវិញបញ្ហានេះ លោក Jared Bissiger សេដ្ឋកិច្ចវិទូផ្នែកអភិវដ្ឍន៍ប្រចាំទីក្រុងវ៉ាស៊ីនតោន បានពន្យល់ថា បញ្ហាទាំងអស់នេះ បានធ្វើឱ្យការធ្វើជំនួញជាមួយប្រទេសចិន កាន់តែមានតម្លៃថ្លៃបន្ថែមទៀត ដែលជាបន្ទុកដ៏ធំមួយ បានធ្លាក់ទៅលើពាណិជ្ជករ នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសអាស៊ានជាប់ព្រំដែនដទៃទៀត ។

ជម្រាបផងដែរថា មិនត្រឹមតែពាណិជ្ជករ កំពុងជួបភាពលំបាក ក្នុងការយកទំនិញចូលប្រទេសចិននោះទេ ចំណែកឯអ្នកទេសចរចិនក៏ពិបាក ក្នុងការចេញដើរកម្សាន្តផងដែរ ដែលវាគឺជាការប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងមូល ។ ខណ:បើយោងតាមទិន្នន័យពីគេហទំព័រទេសចរណ៍ចិន បានឱ្យដឹងថា ជាមួយនឹងរយ:ពេលចត្តាឡីស័កយូរ ចំពោះការចូល និងការត្រលប់មកវិញ បានធ្វើឱ្យភ្ញៀវទេសចរចិនទាំងអស់ បានឈប់សម្រុកទៅលេងកម្សាន្តនៅប្រទេសអាស៊ាន ជាពិសេសប្រទេសថៃតែម្តង ៕

ប្រភព: Foreignpolicy