កាលពីពេលថ្មីៗនេះ សណ្ឋាគារ The Hotel Lambert ដែលធ្លាប់ស្ថិតនៅក្រោមការកាន់កាប់របស់ព្រះអង្គម្ចាស់ Abdullah bin Khalifa al-Thani ត្រូវបានទិញដោយមហាសេដ្ឋីបារាំង Xavier Niel ជាមួយទំហំទឹកប្រាក់ច្រើនជាង ២០០ លានអឺរ៉ូ ឬប្រហែលជាង ២៣០ លានដុល្លារ។

ការបញ្ជាទិញនេះផងដែរ គឺជាកំណត់ត្រាធំបំផុតមួយនៅទីក្រុងប៉ារីស សម្រាប់អចលនទ្រព្យឯកជន ខណៈកាលពីជាង ១០ ឆ្នាំមុនធ្លាប់កើតមានម្ដង ពោលនៅឆ្នាំ ២០១១ ដោយសណ្ឋាគារ Hotel de Soyecourt បានលក់នៅក្នុងតម្លៃ ១០០ លានអឺរ៉ូ។
ថ្វីបើចំណាយលុយអស់ជាង ២០០ លានដុល្លារក៏ពិតមែន តែស្ថាបនិកក្រុមហ៊ុនទូរគមនាគមន៍ Iliad មិនមានបំណងនឹងរស់នៅភូមិគ្រឹះទំហំជិត ៤ ០០០ ម៉ែត្រការ៉េឡើយ ហើយផ្ទុយទៅវិញលោកមានបំណងចង់កែប្រែសណ្ឋាគារមួយនេះទៅជាសារមន្ទីរតាំងវត្ថុបុរាណ និងវប្បធម៌វិញ។

ក្រៅពីអចលនទ្រព្យមហាសាលខាងលើ លោក Niel ក៏មានអចលនទ្រព្យជាច្រើនទៀតនៅក្នុងដៃនៅទីក្រុងប៉ារីស ស្របពេលប្រធានាធិបតីបារាំង Emmanuel Macron ក៏បានបន្ធូរបន្ថយការយកពន្ធសម្រាប់ក្រុមអ្នកមាន ដើម្បីអូសទាញពួកគេងាកមកវិនិយោគនៅក្នុងប្រទេសបារាំង។

បញ្ជាក់ដែរថា យោងតាមការចុះផ្សាយពី Bloomberg’s Index ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបារាំងរូបនេះ គឺមានប្រមាណ ៨,៤ ពាន់លានដុល្លារ៕
ប្រភព: straitstimes