បើនិយាយពីទ្រព្យសម្បត្តិរបស់បុគ្គលម្នាក់ៗនោះ Elon Musk គឺជាមហាសេដ្ឋីមានដាច់គេលើលោក ដោយសារលោកគឺជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនមិនជាប់ពាក់ព័ន្ធជាមួយសមាជិកគ្រួសារណាម្នាក់ឡើយ។

តែបើងាកទៅមើលពីគ្រួសារមានបំផុតលើលោកវិញ ឬក៏អាចនិយាយបានថា អាជីវកម្មបែបគ្រួសារមានបំផុតលើលោក គ្រប់គ្នាច្បាស់ជាមិនអាចរំលងម្ចាស់ផ្សារទំនើប Walmart ដែលមានសាខារាប់ពាន់កន្លែងទូទាំងសហរដ្ឋអាមេរិកបានឡើយ។

ជាការពិត អាជីវកម្មបែបគ្រួសារគឺជាមុខរបរតជំនាន់ ខណៈទ្រព្យសម្បត្តិដែលទទួលបានមកពីជំនួញមួយនេះ គឺត្រូវបែងចែកជាច្រើនចំណែកទៅកាន់សមាជិកដែលមានតួនាទីរៀងៗខ្លួន ខុសពី Elon Musk ដែលទទួលបានលុយមូលម្នាក់ឯង។
តទៅនេះ គឺជាបញ្ជីរាយនាមគ្រួសារ ៥ ត្រកូលដែលកំពុងមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក រៀបរៀងដោយ Investopedia ៖
1/ គ្រួសារត្រកូល Walton មានទ្រព្យសម្បត្តិប្រមាណ ២៣៨ ពាន់លានដុល្លារ

មិនត្រឹមតែជាគ្រួសារមានបំផុតនៅសហរដ្ឋអាមេរិកឡើយ ត្រកូល Walton ក៏ជាគ្រួសារមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោកផងដែរ ដ្បិតកាលពីឆ្នាំ ២០២១ Alice, Jim និង Rob សុទ្ធតែជាប់ឈ្មោះជាមហាសេដ្ឋីនៅបញ្ជី Top 20 របស់ Forbes ជាមួយទ្រព្យសម្បត្តិប្រមាណ ៦០ ពាន់លានដុល្លាររៀងៗខ្លួន។
បច្ចុប្បន្ន ផ្សារ Walmart គឺមានប្រមាណ ១០ ៥៥៦ សាខាទូទាំងពិភពលោក និងជិត ៥ ០០០ សាខានៅសហរដ្ឋអាមេរិក ខណៈចំណូលកាលពីឆ្នាំ ២០២១ គឺមានដល់ទៅជាង ៥០០ ពាន់លានដុល្លារឯណោះ។
2/ គ្រួសារត្រកូល Mars មានទ្រព្យសម្បត្តិប្រមាណ ១៤២ ពាន់លានដុល្លារ

អាចនិយាយបានថា ពួកគេគឺជាដៃគូសហការរបស់ Walmart ដែលជាអ្នកជំនាញក្នុងការផលិតស្ករគ្រាប់សូកូឡា និងទទួលបានការគាំទ្រទូទាំងពិភពលោកដែលគ្រប់គ្នាស្គាល់ថា M&Ms។

បច្ចុប្បន្ន ក្រុមហ៊ុនខ្នាតយក្សមួយនេះកំពុងគ្រប់គ្រងដោយកូនចៅជំនាន់ទី ៤ នៃគ្រួសារត្រកូល Mars។
3/ គ្រួសារត្រកូល Koch មានទ្រព្យសម្បត្តិប្រមាណ ១២៤ ពាន់លានដុល្លារ

កាលពីដើមឡើយ គ្រួសារមួយនេះគឺជាម្ចាស់ជំនួញធំជាមួយនឹងអាជីវកម្មប្រេង តែសព្វថ្ងៃលោក Charles Koch កំពុងដើរខុសពីគន្លងឪពុក ពោលគឺងាកមកប្រឡូកវិស័យនយោបាយ និងវិនិយោគិនវិញ។
ក្រៅពីនោះ បុរសខាងលើក៏ជាប្រធានក្រុមហ៊ុន Koch Industries ដែលមានអាជីវកម្មរាប់រយមុខលើគ្រប់វិស័យជាច្រើននៅទូទាំងពិភពលោកដូចគ្នា។
4/ គ្រួសារត្រកូល Hermes មានទ្រព្យសម្បត្តិប្រមាណ ១១២ ពាន់លានដុល្លារ

បើនិយាយពីគ្រួសារមហាសេដ្ឋី ប្រាកដណាស់អ្នករចនាម៉ូដសម្ភារៈនិយម Hermes ត្រូវតែមានឈ្មោះនៅក្នុងបញ្ជីមួយនេះ ដ្បិតកាបូបយួរដៃរបស់ពួកគេមួយគឺមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ។

ក្រៅពីកាបូបយួរដៃ ពួកគេក៏នៅមានសម្ភារៈនិយមផ្សេងៗទៀតដូចជា កន្សែងបង់ក ក្រវ៉ាត់ក ទឹកអប់ ហើយវត្ថុដែលកំពុងពេញនិយមនាពេលបច្ចុប្បន្នគឺ ការសហការជាមួយ Apple ក្នុងការបង្កើត Hermes Apple Watch Edition ដែលអាចលក់បានចន្លោះពី ១ ៣០០ ទៅ ២ ០០០ ដុល្លារ/គ្រឿង ខណៈ Apple Watch ធម្មតាគឺមានតម្លៃថោកជាងនេះ ២ ទៅ ៣ ដងឯណោះ។
5/ គ្រួសារត្រកូល Al Saud មានទ្រព្យសម្បត្តិប្រមាណ ១០០ ពាន់លានដុល្លារ

ចុងក្រោយបង្អស់គឺជាគ្រួសារត្រកូលរាជវង្សនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលពួកគេរក្សាទ្រព្យសម្បត្តិបានជិតមួយសតវត្សមកហើយ។
ប្រភពចំណូលធំបំផុតរបស់សែស្រឡាយរាជវង្សមួយនេះគឺ Saudi Aramco ដែលជាក្រុមហ៊ុនប្រេងមានចំណូលខ្ពស់បំផុតលើលោក ដែលអាចធានានូវទ្រព្យសម្បត្តិរបស់ត្រកូល Saudi បានតជំនាន់ ខណៈសមាជិកប្រហែល ១៥ ០០០ នាក់នៃត្រកូលមួយនេះគឺមានមុខនៅគ្រប់វិស័យជំនួញជាច្រើនរាប់តាំងពី ការធ្វើអាជីវកម្ម នយោបាយ និងផ្សេងៗទៀត៕
ប្រភព: Investopedia