កាលពីពេលថ្មីៗនេះ មហាអំណាចរុស្ស៊ីទើបនឹងព្រលះប្រទេសអ៊ុយក្រែនដោយបានធ្វើការវាយប្រហារទៅកាន់ពួកគេមុន ដែលវាគឺជាសញ្ញាមួយសម្រាប់ការប្រកាសសង្គ្រាមផងដែរ។
សង្គ្រាមមួយនេះទៀតសោតបានធ្វើឲ្យក្រុមមហាសេដ្ឋីរុស្ស៊ីខូចខាតទ្រព្យសម្បត្តិជាច្រើន ប្រមាណជាង ៣២ ពាន់លានដុល្លារតាំងពីដើមខែមករា។ នេះបើតាមការអះអាងពី Bloomberg។
ប្រភពដដែលបន្ថែមទៀតថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់បានដាក់សំពាធសេដ្ឋកិច្ចទៅកាន់ក្រុមអ្នកមានរុស្ស៊ី និងក្រុមហ៊ុនរុស្ស៊ី បន្ទាប់ពីប្រធានាធិបតី Vladimir Putin បានបញ្ជាទ័ពឲ្យចូលឈ្លានពាននៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
ក្នុងចំណោមក្រុមហ៊ុន និងក្រុមអ្នកមានរុស្ស៊ីដែលកំពុងជាប់គំនាបសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសរួមមានធនាគាររុស្ស៊ី Rossiya, IS Bank, General Bank, Promsvyazbank និងធនាគារ Black Sea Bank ខណៈមហាសេដ្ឋីរួមមាន Gennady Timchenko, Boris Rotenberg និង Igor Rotenbeg ស្របពេលអាល្លឺម៉ង់ផ្អាកគម្រោងថាមពលដែលចូលរួមជាមួយនឹងរុស្ស៊ី។
បើយោងទៅតាមការចុះផ្សាយពី Bloomberg Billionaires Index បានឲ្យដឹងថា មហាសេដ្ឋីដែលមានការខាតបង់ច្រើនបំផុតនោះគឺ Gennady Timchenko ជាមួយនឹងការរបូតទ្រព្យសម្បត្តិប្រមាណ ១៦ ពាន់លានដុល្លារ។
បច្ចុប្បន្ន រុស្ស៊ីមានមហាសេដ្ឋី ២៣ នាក់ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ៣៤៣ ពាន់លានដុល្លារ ដែលវាបានធ្លាក់តាំងពី ៣៧៥ ពាន់លានដុល្លារកាលពីចុងឆ្នាំ ២០២១៕
ប្រភព: cnbctv18