មហាជនទូទាំងពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងមកថា ប្រធានាធិបតី Vladimir Putin បានសម្រេចចិត្តវាយប្រហារទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ កុម្ភៈកន្លងទៅ ជាមួយនឹងការបញ្ជាយន្តហោះទម្លាក់គ្រាប់បែកនៅតាមទីក្រុងជាច្រើន។
មកទល់នឹងពេលនេះ អ៊ុយក្រែននៅមិនទាន់វាយបកទៅកាន់រុស្ស៊ីនៅឡើយ ដោយគ្រាន់តែបង្ហើបថា នឹងមិនអោបដៃបណ្ដោយឲ្យស្ថានការណ៍បន្តបែបនេះឡើយ។
យ៉ាងណា ឯកអគ្គរដ្ឋទូត Vadym Prystaiko នៃប្រទេសអ៊ុយក្រែនដែលកំពុងបំពេញភារកិច្ចនៅចក្រភពអង់គ្លេសបានដង្ហោយរកជំនួយ ក្រោយសារភាពថា ប្រទេសធំបំផុតទី ២ នៅតំបន់អឺរ៉ុប មិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការវាយបកទៅកាន់ប្រទេសជិតខាងបានឡើយ។
អ្វីដែលលោក Vadym ចង់សំដៅនោះ គឺជំនួយផ្នែកសព្វាវុធ ហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ពីប្រទេសផ្សេងៗ ខណៈសម្រាប់កម្លាំងពលកម្មគឺអ៊ុយក្រែនមានគ្រប់គ្រាន់ហើយ ស្របពេលបើតាមការអះអាងពីថ្នាក់ដឹកនាំ European Union បានបង្ហើបថា កញ្ចប់ជំនួយមនុស្សធម៌សម្រាប់សមាជិកតំបន់អឺរ៉ុបមួយនេះនឹងប្រកាសនៅពេលក្រោយ។
បន្ថែមពីនោះ បុរសខាងលើបានទទូចសុំឲ្យប្រទេសដទៃជួយជាជំនួយមនុស្សធម៌កាន់តែឆាប់ កាន់តែប្រសើរ ដ្បិតរុស្ស៊ីកំពុងវាយប្រហារតែតំបន់ពិសេសៗរបស់អ៊ុយក្រែន ស្របពេលមធ្យោបាយក្នុងការនាំជំនួយក៏នៅមានកម្រិតដូចគ្នា៕
ប្រភព: CNN