ហេតុអ្វី​បានជា​សុខៗ​រុស្ស៊ី​ប្រកាស​សង្គ្រាម​ជាមួយអ៊ុយក្រែន​?

អន្តរជាតិ

កាលពី​ថ្ងៃទី ២៤ ​កុម្ភៈ​កន្លងទៅ រុស្ស៊ី​បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ស្លន់ស្លោ​ជាខ្លាំង ជាមួយ​នឹង​ការ​ប្រកាស​សង្គ្រាម​នឹង​ប្រទេស​ជិតខាង​គឺ អ៊ុយក្រែន​ដោយបាន​ទម្លាក់​គ្រាប់បែក​នៅ​ទីក្រុង​ គៀវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយ​នឹង​ការ​វាយប្រហារ​យ៉ាង​គំហុក​នេះ គឺ​មាន​ការ​សន្និដ្ឋាន​ជាច្រើន​អំពី​ការ​សម្រេចចិត្ត​របស់​ប្រធានាធិបតី ​Vladimir Putin តែ​បើ​តាម​ការ​​អះអាង​ពី ndtv បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​រុស្ស៊ី​ដាច់ចិត្ត​វៃ​អ៊ុយក្រែន​គឺ​ដោយសារ ចង់​បញ្ឈប់​មហិច្ឆតា​របស់ NATO ក្នុង​ការ​ពង្រីក​វិសាលភាព​របស់​ពួកគេ​មក​កាន់​ប៉ែកខាងកើត។

ប្រភព​ខាងលើ​ក៏​បាន​រៀបរាប់​ត្រួសៗ​អំពី​ជម្លោះ​កន្លង​មក​រវាង​ប្រទេស​ធំ​បំផុត​ទាំង ២ នៅ​តំបន់​អឺរ៉ុប​ផង​ដែរ ដោយ​បាន​អះអាង​ថា គ្រប់យ៉ាង​ផ្ដើម​ចេញ​តាំងពី​ឆ្នាំ ២០១៤ មកម៉្លេះ ហើយ​វា​កាន់តែ​ក្ដៅ​នៅ​ពេល​ដែល​ប្រធានាធិបតី​ Volodymyr Zelenskyy ទទូច​ឲ្យ​ Joe Biden ដាក់​អ៊ុយក្រែន​ចូល​ជា​សមាជិក NATO។

ត្រឡប់​ទៅ​កាល​ឆ្នាំ ២០១៤ បន្តិច ដែល​គ្រានោះ​ជា​ការ​ចាប់ផ្ដើម​ជម្លោះ​តំបូង​រវាង​ប្រទេស​ទាំង ២ ដោយ​កាលនោះ ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ Putin បាន​ធ្វើការ​វាយ​ដណ្ដើម​យក​ទីក្រុង​មួយ​ចំនួន​នៅ​ភាគខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន។

សង្គ្រាម​មួយ​ប្រាវ​គ្រានោះ​រវាង​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​ប្រធានាធិបតី​រុស្ស៊ី និង​ក្រុមប៉ូលីស​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ប្រមាណ ១៤ ០០០ នាក់ ហើយ​មក​ទល់​សព្វថ្ងៃ​ជម្លោះ​មួយ​នេះ​នៅ​មិនទាន់​រំសាយ​នៅ​ដាច់ស្រេច​នៅ​ឡើយ។

ចាប់តាំងពី​ពេលនោះ​មក​រុស្ស៊ី​យកលេស​បង្ហាត់​ទ័ព ដោយ​បាន​បញ្ជូន​ទ័ព​ជាហូរហែ​មក​កាន់​តំបន់ព្រំដែន​រុស្ស៊ី-អ៊ុយក្រែន ហើយ​ក៏​ត្រូវ​ទទួល​បាន​ការ​ព្រមាន​ពី​ប្រធានាធិបតី​អាមេរិក Biden ថា បើសិន​តែ​ហ៊ាន​ឈ្លានពាន​អ៊ុយក្រែន នោះ​រុស្ស៊ី​ច្បាស់​ជា​ទទួល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​មិនខាន។

ប្រភព​ខាងលើ​បន្ថែម​ទៀត​ថា រុស្ស៊ី​បាន​ប្រកាស​ថា ប្រទេស​នៅ​លោកខាងលិច​ត្រូវតែ​សន្យា​ថា NATO នឹង​មិន​លូកដៃ​នៅ​រាល់គ្រប់​សកម្មភាព​សង្គ្រាម​នៅ​អឺរ៉ុប​ខាងកើត និង​អ៊ុយក្រែន​ឡើយ តែ​ថ្មីៗ​នេះ​លឺ​ដំណឹង​មកថា NATO បាន​ជួប​ពិភាក្សា​ជាមួយ​ប្រទេស​ដែល​ជា​សមាជិក​ក្នុង​ការ​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​នេះ​ហើយ។

រំលឹក​បន្តិច​ថា រុស្ស៊ី​ និង​អ៊ុយក្រែន​ធ្លាប់​ជា​សមាជិក​តំបូង​នៃ​ការ​បង្កើត​សហភាព​សូវៀត តែ​អ៊ុយក្រែន​បាន​ផ្ដាច់​ខ្លួន​ចេញ​នៅ​ឆ្នាំ ១៩៩១​ និង​បាន​ប្រកាស​ឯករាជ្យ​ដោយ​ខ្លួន​ឯង​នៅ​ថ្ងៃទី ២៤ សីហា ១៩៩១។

ដោយសារ​ប្រទេស​ ២ នេះ​ធ្លាប់​ជ្រក​ក្រោម​ដំបូល​តែ​មួយ ដូច្នេះ​ហើយ​ទាំង​វប្បធម៌ ​អរិយធម៌ និង​ការ​រស់នៅ​ប្រាស្រ័យ​ទាក់ទង​គ្នា គឺ​មាន​ចំណង​យ៉ាង​ស្អិតល្មួត តែ​តាំង​ពី​មាន​ជម្លោះ​ឆ្នាំ ២០១៤ នោះ​មក ចំណង​មិត្តភាព​ទាំងនោះ​បាន​រលាយ​បាត់​បន្តិច​ម្ដងៗ៕

ប្រភព: NDTV