កាលពីពេលកន្លងទៅ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានធ្វើការព្រមានថា អាមេរិក និងសម្ព័ន្ធមិត្ត ព្រមទាំងដៃគូ នឹងធ្វើការឆ្លើយតបរួមគ្នា ចំពោះការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដោយថែមទាំងបាននិយាយទៀតថា រុស្ស៊ី នឹងជាអ្នកទទួលខុសត្រូវតែម្នាក់ឯង ចំពោះការស្លាប់ និងការបំផ្លិចបំផ្លាញ ពីការវាយប្រហារនេះទៀតផង ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី នៅប៉ុន្មានម៉ោងមុននេះ លោក Biden ក៏បានចេញមុខបញ្ជាក់យ៉ាងច្បាស់ជាថ្មីម្តងទៀត ចំពោះចំណុចសំខាន់មួយថា ” ទាហានអាមេរិក នឹងមិនត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីចូលរួម នៅក្នុងជម្លោះនេះនោះឡើយ ” ។
មិនតែប៉ុណ្ណោះ បើទោះបីជាមេដឹកនាំមហាអំណាចរូបនេះ បានប្រកាសដាក់ទណ្ឌកម្មថ្មី លើប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ក៏ដោយ តែលោក Biden បាននិយាយថា ” មិនមែនដោយប្រើកងកម្លាំងរបស់យើងទេ ហើយយើងនឹងមិនចូលរួមនៅក្នុងជម្លោះនេះទេ ” ។
លើសពីនេះ ប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ថា ” កងកម្លាំងរបស់យើង គឺមិនមែននៅអឺរ៉ុប ដើម្បីប្រយុទ្ធនៅអ៊ុយក្រែនទេ ប៉ុន្តែដើម្បីការពារសម្ព័ន្ធមិត្តអង្គការណាតូរបស់យើង ហើយនិងជួយដល់សម្ព័ន្ធមិត្តនៅភាគខាងកើត ” ។
យ៉ាងណា ខណ:មានការបំភ្លឺបែបនេះពីសំណាក់លោក Biden ធ្វើឱ្យបណ្តាអ្នករិះគន់បានចង្អុលបង្ហាញថា កងកម្លាំងរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងប្រឈមមុខជាមួយនឹងឧបសគ្គតិចជាងមុន ក្នុងការឈ្លានពានរបស់ពួកគេ ទៅលើប្រទេសអ៊ុយក្រែន៕
ប្រភព: CNN