ជប៉ុន និងអូស្រា្តលី ត្រៀមបញ្ចេញប្រេងបម្រុងទុករបស់ខ្លួន ប្រសិនបើជម្លោះរុស្ស៊ី-អ៊ុយក្រែន ប៉ះពាល់ដល់ការផ្គត់ផ្គង់

អន្តរជាតិ

ប្រទេស ជប៉ុន និងអូស្តា្រលី បាននិយាយនៅក្នុងសប្តាហ៍នេះថា ពួកគេបានរៀបចំខ្លួនរួចរាល់ហើយ ដើម្បីបញ្ចេញប្រេងបម្រុងទុករបស់ពួកគេ រួមជាមួយនឹងប្រទេសសមាជិកដទៃទៀត នៃទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ IEA ប្រសិនបើ ការផ្គត់ផ្គង់ជាសកល ត្រូវបានវាយប្រហារ ដោយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននោះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង តម្លៃប្រេងបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ៧ ឆ្នាំចុងក្រោយ ដល់ ១០០ ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអនុញ្ញាតឱ្យបើកប្រតិបត្តិការយោធា នៅភាគខាងកើតប្រទេសអ៊ុយក្រែន ហើយថែមទាំងមានការបំផ្លោងគ្រាប់មីស៊ីល ចូលទៅកាន់ទីក្រុង Kyiv ដែលជារដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនទៀតផង ។

យ៉ាងណា ប្រទេសជប៉ុន បាននិយាយថា ខ្លួននឹងធ្វើការជាមួយប្រទេសផលិត និងប្រើប្រាស់ប្រេង ហើយគាំទ្រដល់ការសម្របសម្រួល ចំពោះការបញ្ចេញប្រេងពីស្តុក ដែលទុកប្រើក្នុងគ្រាអាសន្នរបស់ខ្លួន យកមកប្រើប្រាស់ ប្រសិនបើមានការស្នើសុំឱ្យធ្វើដូច្នេះ ពីសំណាក់ IEA នោះ ។

មិនតែប៉ុណ្ណោះ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” ស្ថិរភាពនៃទីផ្សារប្រេងឆៅគឺមានសារ:សំខាន់ខ្លាំងណាស់ សម្រាប់ស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន “​ ។

ដោយឡែក រដ្ឋមន្រ្តីថាមពលរបស់ប្រទេសអូស្រ្តាលី លោក Angus Taylor ក៏បាននិយាយថា រដ្ឋាភិបាលទីក្រុង Canberra កំពុងធ្វើការយ៉ាងជិតសិ្នទជាមួយសហរដ្ឋអាមេរិក និង IEA ដើម្បីត្រួតពិនិត្យលើទីផ្សារប្រេង និងឧស្ម័ន មុនមានការផ្លាស់ប្តូរណាមួយ ដើម្បីទាញយកប្រេងបម្រុងទុក នៅក្នុងស្តុកតូចមួយ ដែលអូស្ត្រាលីកាន់កាប់ នៅ US Strategic Petroleum Reserve (SPR) មកប្រើប្រាស់ ។

យោងតាម IEA បាននិយាយនៅថ្ងៃទី ២២ ខែកុម្ភ: ថាស្តុកប្រេងសរុបរបស់ខ្លួន មានចំនួនជិត ៤,១៦ ពាន់លានបារ៉ែល នៅចុងខែធ្នូ រួមទាំង ១,៥ ពាន់លានបារ៉ែល ដែលកំពុងកាន់កាប់ដោយរដ្ឋាភិបាល សម្រាប់បម្រុងទុក ក្នុងគ្រាមានអាសន្ន ៕

ប្រភព: CNA