ស្ថានការណ៍បច្ចុប្បន្នរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ស្របពេលវាថែមទាំងធ្វើឲ្យមុខជំនួញរបស់មហាសេដ្ឋីទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងជនជាតិរុស្ស៊ីទទួលរងការខាតបង់ជាខ្លាំង ក្រោយប្រទេសជាច្រើនបានដាក់ទណ្ឌកម្មលើមហាអំណាចមួយនេះ។

កាលពីពេលថ្មីៗនេះ សមាជិកសភា មកខាងគណបក្សការងារនៅចក្រភពអង់គ្លេស បានតឿនឲ្យរដ្ឋាភិបាលគួរឃាត់ទុកនូវទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ី Roman Abramovich ដោយបានចោទប្រកាន់ម្ចាស់ក្លឹប Chelsea នេះថា ជាប់ពាក់ព័ន្ធនឹងបញ្ហាពុករលួយ។

លោក Chris Bryant បានប្រាប់ទៅកាន់រដ្ឋាភិបាលថា ម្ចាស់ក្លឹបបាល់ទាត់នៅលីគកំពូល Premier League ម្នាក់នេះ មិនគួរបន្តនៅចក្រភពអង់គ្លេសទៀតឡើយ ស្របពេល Abramovich គឺត្រូវបានគេស្គាល់ថាជា បុគ្គលជិតស្និទ្ធនឹងប្រធានាធិបតី Vladimir Putin ផង។

មិនត្រឹមតែដាស់តឿនឲ្យបណ្ដេញលោក Abramovich ចេញពីចក្រភពអង់គ្លេសឡើយ លោក Bryant ថែមទាំងស្នើឲ្យរដ្ឋាភិបាលគួរដកហូតសិទ្ធិកាន់កាប់អចលនវត្ថុទាំងអស់របស់មហាសេដ្ឋីរុស្ស៊ីនៅអង់គ្លេស និងគួរចាត់វិធានការឲ្យបានកាន់តែឆាប់។
ដោយឡែក ទ្រព្យសម្បត្តិដែលសមាជិកសភាការងារចង់ឲ្យរដ្ឋាភិបាលដកហូតគឺមានទាំងក្លឹបបាល់ទាត់ រួមជាមួយនឹងភូមិគ្រឹះតម្លៃជាង ១៥០ លានផោនទៀត។

បញ្ជាក់ដែរថា បច្ចុប្បន្នអ្នកនាំពាក្យរបស់មហាសេដ្ឋីរុស្ស៊ីសុំមិនធ្វើការបំភ្លឺជុំវិញបញ្ហាមួយនេះ តែបើមើលឲ្យដិតដល់ទៅរដ្ឋាភិបាលអង់គ្លេសហាក់ដាក់គំនាបដល់ម្ចាស់ក្លឹប Chelsea យូរណាស់មកហើយ ពោលមិនព្រមបន្តទិដ្ឋាការឲ្យតាំងពីឆ្នាំ ២០១៨ ដែលជាហេតុតម្រូវឲ្យ Abramovich ត្រូវចេញចូលមហាអំណាចមួយនេះតាមរយៈលិខិតឆ្លងដែនអ៊ីស្រាអែល ដែលអនុញ្ញាតឲ្យចេញចូលអង់គ្លេសដោយមិនចាំបាច់ប្រើទិដ្ឋាការ៕
ប្រភព: BBC