វិវាទរវាងមហាអំណាចរុស្ស៊ី និងអ៊ុយក្រែននៅតែបង្ហាញពីស្ថានការណ៍ដ៏យ៉ាប់យ៉ឺនមួយ ដោយរុស្ស៊ីជាអ្នកវាយប្រហារកំពុងទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីស្ទើរគ្រប់ប្រទេសនៅតំបន់អឺរ៉ុប និងលោកខាងលិច។
ដោយឡែកអ៊ុយក្រែនឯណេះវិញ ក៏ដើរដល់ចំណុចទាល់មួយ ដ្បិតកន្លងមកឯងអគ្គរដ្ឋទូតប្រទេសនេះនៅចក្រភពអង់គ្លេសធ្លាប់អះអាងថា អ៊ុយក្រែនគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការវាយបកទៅរុស្ស៊ីឡើយ ស្របពេលការសុំជំនួយពី NATO ក៏មិនទាន់ទទួលបានការឆ្លើយតប។
ជាមួយគ្នានោះ ប្រធានាធិបតីអាមេរិក Joe Biden ធ្លាប់បានលើកឡើងថា អាមេរិកនឹងមិនបញ្ជូនទ័ពទៅវៃរុស្ស៊ីជាមួយអ៊ុយក្រែនឡើយ ដោយសារអ៊ុយក្រែនមិនមែនជាសមាជិក NATO ហើយអាមេរិកមានតួនាទីការពារប្រទេសដែលជាសមាជិក NATO តែប៉ុណ្ណោះ។
ទន្ទឹមនឹងនោះស្ថានទូតអាមេរិកនៅអ៊ុយក្រែនបានធ្វើសេចក្ដីប្រកាសទៅកាន់ប្រជាជនរបស់ពួកគេតាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា៖ “ស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែនគឺនៅតែមានចលាចលខ្លាំង ហើយអាចនឹងកាន់តែធ្ងន់ធ្ងរជាងនេះដោយមិនមានការផ្ដល់ដំណឹងមុន”។
“ប្រជាជនអាមេរិកទាំងអស់គួររក្សាស្មារតីឲ្យបានល្អ និងស្វែងរកទីជម្រកសុវត្ថិភាពដែលនៅជិតបំផុតតាមដែលអាចធ្វើទៅបាន”។
បញ្ជាក់ដែរថា សម្រាប់ការប្រកាសឲ្យប្រជាជនអាមេរិករកទីជម្រកសុវត្ថិភាពនេះ គឺតម្រូវឲ្យប្រជាជនធ្វើដោយខ្លួនឯង ដោយរដ្ឋាភិបាលអាមេរិកនឹងមិនបញ្ជូនទ័ពចូលប្រទេសអ៊ុយក្រែនឡើយ ដោយសារផ្អែកលើការបញ្ជាពីប្រធានាធិបតី Biden៕
ប្រភព: CNN