មេដឹកនាំហ្វាំងឡង់ និងស៊ុយអែត ចេញមកបញ្ជាក់បន្ទាប់ពីទីក្រុងមូស្គូព្រមានធ្ងន់ៗ បើហ៊ានចូលរួមជាមួយ NATO ដឹងតែរឿងធំ

អន្តរជាតិ

នៅថ្ងៃសៅរ៍សប្តាហ៍នេះ នាយករដ្ឋមន្ត្រី លោកស្រី Magdalena Andersson បាននិយាយថា រុស្ស៊ីគ្មានការគំរាមកំហែង សកម្មភាពយោធានៅតាមព្រំដែនរបស់ប្រទេសស៊ុយអែតទេ។ លោកស្រីបន្តថា ប្រទេសស៊ុយអែតនៅតែប្រកាន់ជំហរមិនចូលរួមជាមួយអង្គការណាតូដដែល ដោយបន្ថែមថាប្រទេស Nordic នឹងសម្រេចចិត្តលើគោលនយោបាយសន្តិសុខរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចេញមកប្រកាសជំហររបស់ស៊ុយអែតធ្វើឡើងបន្ទាប់ ទីក្រុងម៉ូស្គូ នៅថ្ងៃសុក្រសប្តាហ៍នេះ បានចេញសារព្រមានធ្ងន់ៗចំចំពោះប្រទេសហ្វាំងឡង់ និងស៊ុយអែត ប្រសិនបើហ៊ានព្យាយាមចូលជាសមាជិករបស់អង្គការ NATO នឹងត្រូវប្រឈមមុខជាមួយផលវិបាកធំ ទាំងផ្នែកនយោបាយនិងយោធាពីសំណាក់ប្រទេសរុស្ស៉ី។

បើតាមទីភ្នាក់ងារសារព័ត៌មាន ANADOLU ថា ប្រទេសស៊ុយអែតមិនមានគម្រោងចូលរួមជាមួយអង្គការណាតូទេ។ ទោះជាបែបនេះក្តី លោកស្រី Magdalena Andersson បានគូសបញ្ជាក់ថា ប្រទេសរុស្ស៊ីមិនមានការគំរាមកំហែងគួរឱ្យព្រួយបារម្ភ និងសកម្មភាពយោធានៅតាមព្រំដែនស៊ុយអែតនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រថា៖ “វាច្បាស់ណាស់ថា ការទទួលយកប្រទេសហ្វាំងឡង់ និងស៊ុយអែតទៅក្នុងអង្គការណាតូ ហើយវានឹងមានផលវិបាកផ្នែកយោធា និងនយោបាយ ដែលនឹងទាមទារឱ្យមានវិធានការសងសឹកពីប្រទេសរបស់យើង”

នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin បាននិយាយដែរថា ការពិភាក្សាអំពីការចូលរួមជាសមាជិកភាពណាតូរបស់ប្រទេសលោកស្រី គឺបានផ្លាស់ប្តូរ បន្ទាប់ពីរុស្ស៊ីបានវាយប្រហារលើអ៊ុយក្រែន។ បន្ទាប់ពីប្រទេសស៊ុយអែត និងហ្វាំងឡង់ រួមជាមួយនឹងតំណាងសហភាពអឺរ៉ុប បានចូលរួមកិច្ចប្រជុំកំពូលវិសាមញ្ញរបស់មេដឹកនាំណាតូកាលពីថ្ងៃសុក្រ។

ក្រោយប្រជុំប៉ុន្មានថ្ងៃទាហានរុស្ស៊ីបានប៉ះទង្គិចជាមួយកងកម្លាំងអ៊ុយក្រែននៅតាមដងផ្លូវនៃរដ្ឋធានី Kyiv ពេញមួយយប់ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបើកប្រតិបត្តិការយោធាពិសេសកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីបានទទួលស្គាល់តំបន់ដែលកាន់កាប់ដោយក្រុមផ្តាច់ខ្លួនពីរនៅភាគខាងកើតអ៊ុយក្រែន។

លោក​ ពូទីន បាន​អះអាង​ថា ទីក្រុង​មូស្គូ​មិន​មាន​ផែនការ​កាន់កាប់​ប្រទេស​ជិត​ខាង​នោះ​ទេ ប៉ុន្តែ​លោក​ចង់​ធ្វើ​ឲ្យ​គ្មាន​យោធា។

យ៉ាងណា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់រុស្ស៊ីថាបានព្យាយាមដំឡើងរដ្ឋាភិបាលអាយ៉ង ហើយបាននិយាយថា អ៊ុយក្រែននឹងការពារប្រទេសរបស់ពួកគេប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដល់ទីបញ្ចប់៕