ថ្មីៗនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយថា ចក្រភពអង់គ្លេស នឹងដាក់ចេញទណ្ឌកម្មប្រឆាំងជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងរដ្ឋមន្រី្តការបរទេសរុស្ស៊ី លោក Sergey Lavrov ផងដែរ ។
ជាក់ស្តែងជុំវិញ ការដាក់ទណ្ឌកម្មនេះ គឺទាក់ទងជាមួយនឹងផ្នែកហិរញ្ញវត្ថុ ដែលបុគ្គលដ៏មានឥទ្ធពលរបស់រុស្ស៊ីទាំង ២ រូបខាងលើ អាចនឹងប្រឈមមុខជាមួយនឹង ការបង្កកទ្រព្យសម្បតិ្ត ដែលពួកគេមានទាំងអស់ នៅក្នុងប្រទេសអង់គ្លេស។ ខណ:នេះក៏ជាវិធានការមួយ ដែលត្រូវបានដាក់ចេញដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែមិនមែនជាការហាមឃាត់ ទៅលើការធ្វើដំណើរនោះទេ ។
យ៉ាងណា ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីរុស្ស៊ី នៅតែបន្តចូលឈ្លានពានអ៊ុយក្រែន រហូតដល់រដ្ឋធានី Kyiv ខណ:លោក Johnson បាននិយាយថា ពិភពលោកត្រូវតែធានាបានថា ទង្វើឈ្លានពានរបស់ពូទីននឹងបរាជ័យ ។
មិនតែប៉ុណ្ណោះ ដោយថ្លែងទៅកាន់មេដឹកនាំនៃសម្ព័ន្ធមិត្តណាតូ ក្នុងកិច្ចប្រជុំមួយ កាលពីពេលថ្មីៗនេះ លោក Johnson បាននិយាយថា ” មហន្តរាយ កំពុងលេបត្របបាក់អ៊ុយក្រែន ហើយលោកពូទីន កំពុងចូលរួម ក្នុងបេសកកម្ម ដើម្បីទាញយកសង្រ្គាមត្រលប់ឱ្យត្រលប់មកវិញ ” ។
បន្ថែមពីនេះ លោក Johnson បានបន្តទៀតថា ចក្រភពអង់គ្លេសបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីដាក់ទណ្ឌកម្មធ្ងន់ៗទៅលើប្រធានាធិបតីរុស្ស៊ី និងរដ្ឋមន្រី្តការបរទេសលោក Lavrov នៅក្នុងពេលឆាប់ៗខាងមុខ ហើយអង់គ្លេសក៏នឹងត្រៀមខ្លួន សម្រាប់ការស្នើសុំណាមួយ ពីសំណាក់អង្គការណាតូ ដើម្បីបន្តការគាំទ្រផ្នែកយោធាទៀតផង ៕
ប្រភព: BBC