មុននេះបន្តិចមានការផ្ទុះអាវុធនៅកណ្ដាលទីក្រុង Kharkiv ស្របពេលទទួលបានដំណឹងកងទ័ពរបស់ប្រទេសរុស្ស៊ីបានចូលដល់ទីក្រុងធំបំផុតទី ២ នៃប្រទេសអ៊ុយក្រែន។ នេះបើតាមសម្ដីរបស់ប្រធានរដ្ឋបាលនៃតំបន់ Kharkiv លោក Ole Synehubov បាននិយាយ។
លោក Synehubov បានដាស់តឿនឲ្យប្រជាពលរដ្ឋនៅភាគខាងកើតនៃទីក្រុងមួយនេះ បន្តការសំងំនៅក្នុងទីជម្រកសុវត្ថិភាព និងមិនត្រូវធ្វើដំណើរទៅកន្លែងណាផ្សេងជាដាច់ខាត ខណៈយានយន្តនៃទ័ពរុស្ស៊ីបានចូលមកដល់ទីក្រុង Kharkiv ហើយនៅថ្ងៃអាទិត្យនេះ។
“យានយន្តរបស់ទ័ពរុស្ស៊ីបានធ្វើដំណើរចូលដល់ទីក្រុង Kharkiv ហើយ រាប់បញ្ចូលទាំងផ្នែកខ្លះនៃកណ្ដាលក្រុងផង ដូច្នេះសូមប្រជាជនទាំងអស់កុំចាកចេញពីជម្រកសុវត្ថិភាពឲ្យសោះ។ កងប្រដាប់អាវុធរបស់អ៊ុយក្រែនកំពុងវាយប្រហារជាមួយនឹងសត្រូវ សូមប្រជាពលរដ្ឋទាំងអស់កុំចេញមកក្រៅឲ្យសោះ”។
បញ្ជាក់ដែរថា ទីក្រុង Kharkiv ដែលមានប្រជាជនប្រមាណ ១,៤ លាននាក់ និងមានចំងាយត្រឹមតែ ៣២ គីឡូម៉ែត្រប៉ុណ្ណោះពីភាគខាងត្បូងនៃព្រំដែនរុស្ស៊ី និងបានស្ថិតនៅក្នុងរ៉ាដានៃការឈ្លានពានរបស់ប្រទេសជិតខាងតាំងពីថ្ងៃព្រហស្បតិ៍ម៉្លេះ៕
ប្រភព: CNN