មហាសេដ្ឋី​រុស្ស៊ី​ប្រកាស​ចុះចេញ​ពី​​តំណែង​អ្នក​មើលការ​ខុសត្រូវ​​ក្លឹប Chelsea ក្រោយ​អង់គ្លេស​ចង់​រឹបអូស​ទ្រព្យសម្បត្តិ

អន្តរជាតិ

កាលពី​ពេលកន្លងទៅ​មាន​ដំណឹង​មក​ថា សមាជិកសភា​មកពីខាងគណបក្សពលករ ​នៅ​ចក្រភពអង់គ្លេស​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​មាន​ចំណាត់ការ​ជាមួយ​នឹង​មហាសេដ្ឋី និង​បុគ្គល​មាន​ជំនួញ​ធំៗ​ដែល​មាន​សញ្ជាតិ​រុស្ស៊ី ជាពិសេស​គឺ Roman Abramovich ដែល​ជា​អ្នក​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី Vladimir Putin តែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំណាត់ការ​ដែល​បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​គឺ ដកហូត​នូវ​សិទ្ធិ​គ្រប់គ្រង​អចលនទ្រព្យ និង​បង្កក​ទ្រព្យសម្បត្តិ​ដែល​មាន​នៅ​ចក្រភព​អង់គ្លេស​របស់​មហាសេដ្ឋី​រូបនេះ​ទាំងអស់​ រាប់​បញ្ចូល​ទាំង​ភូមិគ្រឹះ​តម្លៃ​ជាង ១៥០ លាន​ផោន និង​ក្លឹប​បាល់ទាត់ Chelsea ផង។

រំលង​បាន​តែ​ ២ ​ថ្ងៃ បន្ទាប់​ពី​មាន​ព័ត៌មាន​ខាងលើ ស្រាប់តែ​លោក Abramovich បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ថា នឹង​ផ្ទេរ​តួនាទី​សិទ្ធ​គ្រប់គ្រង​ក្រុម​ និង​មើលការ​ខុសត្រូវ​ដោយផ្ទាល់​​ទៅ​កាន់​មូលនិធិ​សប្បុរសធម៌​របស់​ក្លឹប​វិញ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី ESPN។

ប្រភព​ខាងលើ​បន្ថែម​ទៀត​ថា មហាសេដ្ឋី​រុស្ស៊ី​នឹង​មិន​ព្រម​លក់​ Chelsea ជា​ដាច់​ខាត ហើយ​ការ​ផ្ទេរ​តំណែង​មួយ​នេះ​អាច​ជា​ការ​គេចវែស​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អង់គ្លេស​គ្រោង​នឹង​ផ្ដល់ជូន​ដល់​ស្ដេចត្រាញ់​រុស្ស៊ី​ទាំងឡាយ​ផង​។

ដោយឡែក​ប្រភព​ជិតស្និទ្ធ​មួយ​ក៏​បាន​បង្ហើប​ប្រាប់ ESPN ទៀត​ថា បើ​ទោះ​ជា​លាលែង​ពី​តំណែង​ជា​អ្នក​មើលការ​ខុសត្រូវ​នៃ​ក្លឹប​មែន តែ​ការ​សម្រេចចិត្ត​ចុងក្រោយ​សម្រាប់​រឿងសំខាន់ៗ​ក្នុង​ក្រុម​ដូចជា​ការ​ទិញ​កីឡាករ និង​ការ​ផ្លាស់ប្ដូរ​គ្រូបង្វឹក​ជាដើម គឺ Abramovich នៅ​តែ​ជា​អ្នក​កាន់​សន្លឹកបៀរ​ចុងក្រោយ​ដដែល​៕

ប្រភព: ESPN