ការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង ដ្បិតវាហាក់ដូចកើតឡើងភ្លាមៗ ហើយគ្មានអ្នកណាស្មានដឹង ខណៈស្ថានការណ៍បច្ចុប្បន្នក៏នៅតែបញ្ចេញសញ្ញាគួរឲ្យបារម្ភនៅឡើយ។
ជាមួយគ្នានោះ មានមតិជាច្រើនបានរិះគន់ជាមួយនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសជិតខាង ខណៈក្នុងនោះក៏មានមហាសេដ្ឋីរុស្ស៊ីម្នាក់ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសស្កុតឡែនបានបញ្ចេញទស្សនៈថា Vladimir Putin គឺជា “ហ៊ីត្លែរសម័យថ្មី” ហើយការវាយលុកមួយនេះគឺជាព្រឹត្តិការណ៍អាក្រក់បំផុតប្រចាំសតវត្សទី ២១។
បុរសជនជាតិរុស្ស៊ីដែលហ៊ានរិះគន់ចំៗទៅកាន់ថ្នាក់ដឹកនាំរបស់ខ្លួនបែបនេះគឺមានឈ្មោះថា Boris Mints ជាអ្នកជំនួញកំពុងរស់នៅភូមិគ្រឹះដ៏ធំស្កឹមស្កៃនៅប្រទេសស្កុតឡែន ជាមួយទ្រព្យសម្បត្តិប្រមាណជាង ១ ពាន់លានដុល្លារ។
ប្រាប់ទៅកាន់ Sunday Mail មហាសេដ្ឋីខាងលើបាននិយាយថា៖ “ប្រទេសនៅលោកខាងលិច គួរបញ្ឈប់ភាពភ័យខ្លាចទៅ ព្រោះបើសិនជាពួកយើងបន្តបង្ហាញសកម្មភាពបែបនេះ ជីវិតរបស់មនុស្សស្លូតត្រង់ជាច្រើននឹងបាត់បង់កាន់តែច្រើនឡើងៗ”។
“មេរៀនប្រវត្តិសាស្ត្របានបង្រៀនយើងរួចហើយ ដូចកាលសង្គ្រាមលោកលើទី ២ គឺផ្ដើមចេញតែ ២ ប្រទេសប៉ុណ្ណោះ តែវាបានរីករាលដាលកាន់តែធំឡើងៗ រហូតធ្វើឲ្យមានវិនាសកម្មដល់ពិភពលោក។ ដូចគ្នាបើសិនជាពួកយើងនៅឱបដៃមើលបែបនេះ មិនយូរទេវានឹងដល់វេនពួកយើងជាមិនខាន”។
លោកបានបន្ថែមទៀតថា៖ “ការវាយប្រហារមួយនេះគឺជាព្រឹត្តិការណ៍អាក្រក់បំផុតនៅសតវត្សទី ២១ បើធៀបទៅនឹងការវាយប្រហាររបស់ហ៊ីត្លែរទោកាន់ប្រទេសប៉ូឡូញនៅឆ្នាំ ១៩៣៩”។
បញ្ជាក់ដែរថា កន្លងមកមានសេចក្ដីរាយការណ៍ថាមហាសេដ្ឋីខាងលើកំពុងប្រយុទ្ធប្រឆាំងនឹងការធ្វើបត្យាប័នទៅកាន់ប្រទេសកំណើតរបស់លោក ហើយបានភៀសខ្លួនទៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០១៨ ក្រោយទទួលរងការចោទប្រកាន់ពីបទកេងបន្លំនៅក្នុងប្រទេសរុស្ស៊ី៕
ប្រភព: edinburghlive