នាយករដ្ឋមន្រ្តី Fumio Kshida បាននិយាយកាលពីថ្ងៃអាទិត្យទី ២៧ កុម្ភៈថា ប្រទេសជប៉ុន នឹងចូលរួមជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ក្នុងការរារាំង មិនឱ្យធនាគាររុស្ស៊ីមួយចំនួន អាចចូលដំណើរការ នៅក្នុងប្រព័ន្ធទូទាត់ប្រាក់ជាសកល SWIFT បានឡើយ បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ។
ជាក់ស្តែង លោក Kishida ប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលទីក្រុងតូក្យូ នឹងដាក់ទណ្ឌកម្មលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ស្របពេលប្រទេសនៅអាស៊ីមួយនេះ បានបន្តផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ចំនួន ១០០ លានដុល្លារ ទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ។
លើសពីនេះ លោក Kishada បាននិយាយថា ” កាឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែននេះ គឺជាការប៉ុនប៉ងដោយឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន និងអង្រួនសណ្តាប់ធ្នាប់អន្តរជាតិឱ្យដល់ស្នូល ” ។ “ ដូច្នេះយើងត្រូវតែរួបរួមគ្នា ហើយចាត់វិធានការដោយម៉ឺងម៉ាត់ ចំពោះបញ្ហានេះ ” ។
គួរឱ្យដឹងផងដែរថា SWIFT គឺជាប្រព័ន្ធផ្ទេរប្រាក់ ដែលមានសុវត្ថិភាពបំផុតមួយ ក្នុងការជួយសម្រួលដល់់ការទូទាត់ឆ្លងប្រទេសបានយ៉ាងឆាប់រហ័ស ហើយវាធ្វើឱ្យលំហូរពាណិជ្ជកម្មអន្តរជាតិមានភាពរលូន និងអាចផ្ទេរប្រាក់បានរាប់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ខណ:ប្រព័ន្ធមួយនេះ បានក្លាយជាយន្តការចម្បងសម្រាប់ការផ្តល់ហិរញ្ញប្បទានដល់ពាណិជ្ជកម្មអន្តរជាតិ ។
យ៉ាងណាមិញ ការសម្រេចចិត្តរបស់លោក Kishida ដែលស្នើឱ្យដករុស្ស៊ីចេញពី SWIFT បានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន បានចាត់វិធានការស្រដៀងគ្នានេះ កាលពីថ្ងៃសៅរ៍ ដែលវាត្រូវបានគេយល់ថាជាវិធានការមួយ អាចនឹងធ្វើឱ្យមានផលប៉ះពាល់ដល់ពាណិជ្ជកម្មរុស្ស៊ី និងធ្វើឱ្យក្រុមហ៊ុនរុស្ស៊ីកាន់តែពិបាក ក្នុងការធ្វើអាជីវកម្ម ៕
ប្រភព: CNA