រុស្ស៊ី បានបិទដែនអាកាសរបស់ខ្លួន ចំពោះក្រុមហ៊ុនអាកាសចរណ៍មកពី ៣៦ ប្រទេស រួមទាំងសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុបផងដែរ ដើម្បីជាការឆ្លើយតបទៅវិញ ចំពោះបម្រាមមួយចំនួន មកលើយន្តហោះរបស់ខ្លួន ក្រោយពីមានការឈ្លានពានទៅលើអ៊ុយក្រែន ។
ជាក់ស្តែងប្រទេសដែលត្រូវហាមឃាត់មួយចំនួន ត្រូវបានកំណត់រួចស្រេចហើយ ខណ:ប្រទេសខ្លះទៀត ត្រូវបានដាក់បម្រាមជាលើកដំបូង ដោយអាជ្ញាធរអាសកាសចរណ៍ Rosaviatsia កាលពីថ្ងៃចន្ទ បន្ទាប់ពីទទួលបានវិធានការដាក់ទណ្ឌកម្ម ទៅលើការឈ្លានពានរបស់រុស្ស៊ី ចំពោះអ៊ុយក្រែន ។
យ៉ាងណាចំពោះការហាមឃាត់នេះ វាត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់ធំ ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលធ្លាប់តែហោះហើរឆ្លងកាត់ប្រទេសធំបំផុតលើពិភពលោកមួយនេះ ដើម្បីធ្វើដំណើរពីអឺរ៉ុប ទៅកាន់ទ្វីបអាស៊ី ប៉ុន្តែឥឡូវពួកគេទំនងជាត្រូវបង្ខំចិត្តឱ្យស្វែងរកផ្លូវហោះហើរថ្មី ។
ដោយឡែកអាជ្ញាធរ Rosaviatsia បាននិយាយថា ជើងហោះហើរពីប្រទេសហាមឃាត់ទាំងនោះ អាចស្ថិតក្នុងកាលៈទេសៈពិសេស ដែលត្រូវបានអនុញ្ញាត ប្រសិនបើពួកគេទទួលបានត្រួតពិនិត្យជាពិសេស ពីសំណាក់អាជ្ញាធរអាកាសចរណ៍ ឬក្រសួងការបរទេសរបស់រុស្ស៊ីនោះ ។
ជម្រាបផងដែរថា ប្រទេសដែលរុស្ស៊ីហាមឃាត់នោះ មានដូចជា អាល់បានី អង់ហ្គូឡា អូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី កោះ British Virgin អាល្លឺម៉ង់ ហ្គីប្រាលតា ហុងគ្រី ក្រិក ដាណឺម៉ាក កាណាដា ក្រូអាត ស៊ីប សាធារណរដ្ឋឆេក អេស្តូនី ហ្វាំងឡង់ បារាំង ជឺស៊ី អៀរឡង់ អ៊ីស្លង់ អ៊ីតាលី ឡាតវី លីទុយអានី លុចសំបួ ម៉ាល់តា ហូឡង់ ន័រវេស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ ស៊ុយអែត និងចក្រភពអង់គ្លេស ។
គួរឱ្យដឹងថា កាលពីសប្តាហ៍មុន រុស្ស៊ីបានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍របស់ចក្រភពអង់គ្លេស បន្ទាប់ពីពួកគេ បានរារាំងក្រុមហ៊ុន Aeroflot ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញរបស់រុស្ស៊ី និងរួមទាំងយន្តហោះឯកជនជាច្រើនផងដែរ ៕
ប្រភព: CNA