ខណ:ពេលដែលសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តដទៃទៀត បានធ្វើការថ្កោលទោស និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្សុី ចំពោះការលុកលុយលើអ៊ុយក្រែនរយៈពេល ៥ថ្ងៃមកនេះ ប្រទេសឥណ្ឌា ហាក់ដូចជាកំពុងព្យាយាមរក្សាតុល្យភាពរបស់ខ្លួន ដោយម្ខាងជាទំនាក់ទំនងបែបយុទ្ធសាស្រ្ត ដែលមានរយ:ពេលជាច្រើនទសវត្សរ៍មកហើយ ជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្កូ និងម្ខាងទៀត ជាតួនាទីដែលឥណ្ឌា កំពុងមាននៅក្នុងសម្ព័ន្ធលទ្ធិប្រជាធិបតេយ្យ ។
យ៉ាងណា ចំពោះការលុកលុយនេះផងដែរ បានជំរុញឱ្យសហរដ្ឋអាមេរិក រួមទាំងប្រទេសសម្ព័ន្ធមិត្ត បានប្រកាសដាក់ទណ្ឌកម្មធ្ងន់ធ្ងរ រួមទាំងដាក់កំហិតទៅលើធនាគាររុស្ស៊ី និងថែមទាំងមានការបង្កកទ្រព្យសម្បត្តិផងដែរ ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀពូទីន បានត្រឹមតែបានជំរុញឱ្យរុស្ស៊ី បញ្ឈប់អំពើហិង្សាជាបន្ទាន់ និងវិលត្រលប់ទៅរកកិច្ចចរចាការទូតវិញ ស្របពេលរូបលោក មិនបានធ្វើការថ្កោលទោសអ្វីចំពោះរុស្ស៊ីនោះឡើយ ។
នៅក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Harsh Vardhan Shringla បានបដិសេធសំណួរ ជុំវិញមូលហេតុ ដែលឥណ្ឌាលមិនបានបញ្ជាក់ពីអធិបតេយ្យភាពរបស់អ៊ុយក្រែន ឬការរិះគន់ណាមួយចំពោះរុស្ស៊ីអ្វីនោះឡើយ ដោយលោកបែជានិយាយថា ការផ្តោតសំខាន់របស់ឥណ្ឌា ក្នុងពេលនេះ គឺនៅលើការបន្ថយភាពតានតឹង និងការធានានូវសុវត្ថិភាពរបស់ពលរដ្ឋឥណ្ឌា នៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះ ។
យ៉ាងណា ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសឥណ្ឌា លោក Igor polikha បាននិយាយថា រដ្ឋាភិបាលរបស់លោក ពិតជាមានភាពខកចិត្តខ្លាំងណាស់ ចំពោះការឆ្លើយតបរបស់ឥណ្ឌារហូតមកដល់ពេលនេះ ដោយលោកបានថ្លែងថា ” យើងកំពុងស្នើសុំការគាំទ្រពីសំណាក់ប្រទេសឥណ្ឌា “។
ជុំវិញការឆ្លើយតបបែបនេះ វាត្រូវបានគេយល់ឃើញថា ជាការទូតការពារខ្លួនដ៏ប្រុងប្រយ័ត្ន ដែលបានឆ្លុះបញ្ចាំងអំពី ការធ្វើឱ្យមានតុល្យភាព របស់រដ្ឋាភិបាលទីក្រុងញូវដែលី រវាងទំនាក់ទំនងដ៏យូរអង្វែងរបស់ខ្លួន ជាមួយនឹងរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងទំនាក់ទំនាក់កាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក រួមជាមួយក្រុមហ៊ុនលទ្ធិប្រជាធិតេយ្យ ដែលផ្តោតទៅលើការប្រឆាំង នឹងប្រទេសមហាអំណាចចិន ។
ទន្ទឹមនឹងនោះ ប្រសិនបើឥណ្ឌា ប្រកាន់ជំហរណាមួយ ឬមធ្យោយបាយផ្សេងទៀត នោះវានឹងក្លាយជារឿងប្រថុយប្រថានមួយ ដែលអាចឈានដល់ការកាត់ផ្តាច់ទំនាក់ទំនងភាពជាដៃគូ ជាមួយប្រទេសលោកខាងលិច ឬអាចធ្វើឱ្យប្រទេសរុស្ស៊ី ក្លាយទៅជាសត្រូវយូរអង្វែង ដូចគ្នាទៅនឹងប្រទេសប៉ាគីស្ថាន ដែលធ្លាប់តែមានទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។
យ៉ាងណាក៏ដោយ ឥណ្ឌានឹងមិនអត់ឱនចំពោះសកម្មភាពឈ្លានពានរបស់រុស្ស៊ីទេ ប៉ុន្តែពួកគេក៏នឹងព្យាយាមរក្សាទំនាក់ទំនងល្អជាមួយប្រទេស ដែលបានផ្គត់ផ្គង់អាវុធ ជិត ៥០% នៃការនាំចូលអាវុធសរុបរបស់រដ្ឋាភិបាលទីក្រុងញូវដេលី។
គួរជម្រាបថា ជាច្រើនឆ្នាំមកនេះ ប្រទេសឥណ្ឌា បានព្យាយាមធ្វើចម្រុះកម្មប្រភពផ្គត់ផ្គង់អាវុធយោធារបស់ខ្លួន ជាមួយនឹងការកើនឡើងនៃការទិញយកពីប្រទេសបារាំង និងអ៊ីស្រាអែល ប៉ុន្តែយ៉ាងណាប្រទេសរុស្ស៊ី នៅតែមានសារ:សំខាន់ ដែលមិនអាចខ្វះបាន ៕
ប្រភព: BBC