សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន នៅថ្ងៃទី៦នេះ កាន់តែឡើងកំដៅខ្លាំង ខណៈរដ្ឋាភិបាលអ៊ុយក្រែន បានអំពាវនាវឲ្យពលរដ្ឋចូលរួមប្រយុទ្ធជាមួយកងទ័ពរុស្សុី។
កាលពីថ្ងៃចន្ទម្សិលមិញ គណៈប្រតិភូរស្ស៊ី និងអ៊ុយក្រែនបានជួបចរចាគ្នាជាលើកដំបូង ចាប់តាំងពីផ្ទុះសង្គ្រាមកាលពីសប្តាហ៍មុនមក។ ជំនួបលោកទី ១បញ្ចប់ទៅដោយគ្មានលទ្ធផលទេ ហើយភាគីទាំងសងខាងបានព្រមព្រៀងជួបចរចាគ្នាជុំទីពីរទៀតក្នុងពេលឆាប់ៗនេះ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានឲ្យដឹងថា បុរសអ៊ុយក្រែនអាយុពី ១៨ឆ្នាំ ទៅ ៦០ឆ្នាំ មិនអាចចេញពីប្រទេសបានទេ ដោយត្រូវនៅជួយការពារប្រទេស។
ទន្ទឹមនឹងនោះ ជុំវិញស្ថាភាពប្រជាពលរដ្ឋកម្ពុជានៅប្រទេសអ៊ុយក្រែន ត្រូវបានលោក ជុំ សន្ទរី បញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសរុស្សី ផ្តល់ព័ត៌មានមកថា ស្ថានទូតបានរក្សាទំនាក់ទំនងជាប់ជាមួយក្រុមអតីតនិស្សិតកម្ពុជាទាំងចំនួន២៣ នាក់ដែលកំពុងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ នៅប្រទេសអ៊ុយក្រែន ។
លោកបន្តថា ពួកគាត់ទាំងអស់គ្នា មានសុវត្ថភាពជាធម្មតាទេ។ ពួកគាត់ក៏បានអោយដឹងផងដែរថា បុរសអ៊ុយក្រែនអាយុពី ១៨ឆ្នាំ ទៅ ៦០ឆ្នាំ មិនអាចចេញពីប្រទេសបានទេ ដោយត្រូវនៅជួយការពារប្រទេស។
សូមជម្រាបថា នៅក្នុងកិច្ចចរចាកាលពីម្សិលមិញអ៊ុយក្រែនបានទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ជាមួយរស្ស៊ី និងបានទាមទារឲ្យរុស្ស៊ីដកកងទ័ពចេញពីទឹកដីអ៊ុយក្រែនភ្លាមៗផងដែរ៕