បើទោះជាការចរចាដំបូងរវាងអ៊ុយក្រែន និងរុស្ស៊ីកាលពីថ្ងៃច័ន្ទបានបញ្ចប់ទៅក្ដី តែស្ថានការណ៍នៅតែបង្ហាញនូវភាពអវិជ្ជមាន ស្របពេលប្រទេសចិនដែលគ្រប់គ្នាដឹងថា ជាសម្ព័ន្ធមិត្តរបស់ប្រទេសរុស្ស៊ីចាប់ផ្ដើមជម្លៀសប្រជាជនរបស់ខ្លួនពីប្រទេសអ៊ុយក្រែនហើយកាលពីថ្ងៃអង្គារ។

សិស្សប្រមាណជាង ៤០០ នាក់នៅ Black Sea Port និងប្រមាណជាង ២០០ នាក់ផ្សេងទៀតនៅរដ្ឋធានី Kyiv បានភៀសខ្លួនពីប្រទេសអ៊ុយក្រែនកាលពីថ្ងៃច័ន្ទ ខណៈប្រជាជនប្រមាណ ១ ០០០ នាក់ផ្សេងទៀតរំពឹងថា នឹងជម្លៀសទៅប្រទេសជិតខាងនៅថ្ងៃអង្គារ។ នេះបើតាមការអះអាងពី Global Times។

ដោយឡែក រដ្ឋាភិបាលចិនក៏មានបំណងចង់បញ្ជូនប្រជាជនរបស់ពួកគេតាមរយៈជើងហោះហើរផងដែរ តែគម្រោងនេះត្រូវបានលុបចោលវិញ បន្ទាប់ពីស្ថានការណ៍នៃសង្គ្រាមមួយនេះកាន់តែធ្ងន់ធ្ងរៗពីមួយថ្ងៃទៅមួយថ្ងៃ។

ខុសពីប្រជាជនមកពីប្រទេសផ្សេងទៀត ប្រជាជនចិនមិនទទួលបានការផ្ដល់ដំណឹងអំពីការវាយលុករបស់រុស្ស៊ីមកលើអ៊ុយក្រែនឡើយ ស្របពេលអ្នកនាំពាក្យក្រសួងការបរទេស Wang Wenbin បាននិយាយថា រដ្ឋមន្ត្រី និងស្ថានទូតចិននៅអ៊ុយក្រែន មានផលវិបាកក្នុងការផ្ដល់ដំណឹងមួយនេះឲ្យបានទាន់ពេលវេលា។

បញ្ជាក់ដែរថា បើតាមរបាយការណ៍ចុះផ្សាយដោយរដ្ឋាភិបាល បច្ចុប្បន្នជនជាតិចិនដែលកំពុងរស់នៅប្រទេសអ៊ុយក្រែនគឺមានប្រមាណ ៦ ០០០ នាក់៕
ប្រភព: CNN