ចូលដល់ឆ្នាំថ្មីភ្លាម មហាសេដ្ឋី Elon Musk ហាក់ជួបតែរឿងស៊យផ្ទួនៗ ពោលខាតទ្រព្យសម្បត្តិអស់រាប់ពាន់លានដុល្លារ ខណៈផែនការចង់ប្រជែងទីផ្សារនៅឥណ្ឌាក៏មានសង្ឃឹមតិចតួចទៀត។

កាលពីខែវិច្ឆិកាឆ្នាំទៅ ស្ថាបនិកក្រុមហ៊ុន Tesla បានជាប់ឈ្មោះជាមហាសេដ្ឋីមានបំផុតប្រចាំប្រវត្តិសាស្ត្រជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ៣៤០ ពាន់លានដុល្លារ តែមិនបានប៉ុន្មានផង ទ្រព្យសម្បត្តិទាំងនោះក៏បន្តធ្លាក់ចុះជាបន្តបន្ទាប់មកទល់បច្ចុប្បន្ន។

យោងទៅតាមការចុះផ្សាយពី Bloomberg Billionaires Index បានឲ្យដឹងថា តាំងពីឈានចូលដល់ឆ្នាំ ២០២២ មក Elon Musk បានរបូតទ្រព្យធនប្រមាណ ៤៦,៤ ពាន់លានដុល្លារ ហើយគិតត្រឹមថ្ងៃទី ០២ មីនា ២០២២ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិកមានប្រមាណ ២២២ ពាន់លានដុល្លារ។

ដោយឡែក រឿងដែលគួរឲ្យហួសចិត្តបំផុតសម្រាប់មហាសេដ្ឋីមានបំផុតលើលោក គឺកាលពីឆ្នាំទៅ លោករបូតទ្រព្យសម្បត្តិប្រមាណ ៣៥ ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែមួយថ្ងៃ បន្ទាប់ពីលោកបង្ហោះសារលើ Twitter សួរ Follower របស់ខ្លួនពីការសម្រេចចិត្តលក់ភាគហ៊ុន ដែលធ្វើឲ្យតម្លៃហ៊ុនរបស់ Tesla ដាំក្បាលចុះជាខ្លាំងត្រឹមរយៈពេលមួយថ្ងៃ៕
ប្រភព: nairametrics