លោក Zhang Yong ដែលធ្លាប់ជាមហាសេដ្ឋីមានដាច់គេបំផុត របស់ប្រទេសសិង្ហបុរី ថ្មីៗនេះ បានសម្រេចចិត្តលាលែងចេញពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Haidilao International របស់លោក ខណ:ខ្សែសង្វាក់ភោជនីយដ្ឋាន ស៊ុប hotpot បែបចិនមួយនេះ បានរាយការណ៍អំពីការខាតបង់ទ្រព្យសម្បត្តិជាលើកដំបូង ក្នុងរយ:ពេលប្រាំមួយឆ្នាំចុងក្រោយ ។

ជាក់ស្តែង អ្នកជំនួញ ដែលបានសហការបង្កើតហាងស៊ុបនេះឡើង នៅក្នុងឆ្នាំ ១៩៩៤ ហើយបច្ចុប្បន្នមានសាខាជាច្រើន នឹងបោះបង់ការគ្រប់គ្រងប្រចាំថ្ងៃរបស់លោក ទៅឱ្យអនុប្រធានក្រុមហ៊ុន លោកស្រី Yang Liuan ជំនួសវិញ។ យ៉ាងណានេះបើតាមឯកសារមួយ បានបង្ហាញ កាលពីថ្ងៃអង្គារកន្លងទៅ ។

គួរឱ្យដឹងផងដែរថា លោក Zhang នឹងនៅតែរក្សាតួនាទីរបស់លោក ជាប្រធាន និងជាប្រធានប្រតិបតិ្ត ដើម្បីណែនាំ និងត្រួតពិនិត្យលើប្រតិបត្តិការរបស់ក្រុមហ៊ុន និងរៀបចំបង្កើតយុទ្ធសាស្រ្តថ្មីៗផងដែរ ។
ជម្រាបថា Haidilao កាលពីខែមុន បានរាយការណ៍អំពីការខាតបង់លុយសុទ្ធចំនួន ៣,៨ ពាន់លានយ៉ន់ ទៅ ៤,៥ ពាន់លានយ៉ន់ (៧១៣ លានដុល្លារអាមេរិក) សម្រាប់ឆ្នាំបិទបញ្ជី នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ហើយនេះ អាចរាប់បានថាជាការខាតបង់ដ៏អាក្រក់បំផុតមួយរបស់ក្រុមហ៊ុន ចាប់តាំងពីឆ្នាំ ២០១៥ មក ។

បញ្ជាក់ទៀតថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន បានធ្លាក់ចុះប្រមាណ ៩០% ក្នុងឆ្នាំ ២០២០ នៅចំនួន ៣០៩,៥ លានយ៉ន់ ខណ:ជំងឺរាតត្បាតកូវីដ ១៩ បានបង្ខំឱ្យក្រុមហ៊ុននេះ សម្រេចបិទទ្វារ ឬផ្អាកអាជីវកម្មប្រហែលមួយភាគប្រាំ នៃហាងសរុបរបស់ខ្លួន ៕
ប្រភព: SCMP