កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាតេក្វាន់ដូពិភពលោកបានសម្រេចដកហូតខ្សែក្រវាត់ខ្មៅកិត្តិយស ដែលបានផ្ដល់ជូនទៅកាន់ប្រធានាធិបតី Vladimir Putin កាលពីឆ្នាំ ២០១៣ ក្រោយយល់ឃើញថា ការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែនគឺជារឿងដែលមិនគប្បី។

យ៉ាងណា បើទោះជាត្រូវដកហូតខ្សែក្រវាត់ខ្មៅកិត្តិយសក៏ពិតមែន តែប្រធានាធិបតីរុស្ស៊ីម្នាក់នេះ គឺជាអ្នកជំនាញក្បាច់គុនដ៏មានទេពកោសល្យជាច្រើនប្រភេទ ជាក់ស្ដែងគឺលោកធ្លាប់ហាត់រៀនតាំងពីមានវ័យជាង ១០ ឆ្នាំម៉្លេះ។

Putin បានហាត់កីឡា Judo តាំងពីមានអាយុ ១១ ឆ្នាំ ហើយបានផ្លាស់ទៅហាត់កីឡា Sambo វិញនៅ ៣ ឆ្នាំបន្ទាប់។ ដោយសារមានដុងពីកំណើតសម្រាប់ក្បាច់គុន ប្រធានាធិបតីរូបនេះធ្លាប់ឈ្នះការប្រកួតនៅទីក្រុង Leningrad (បច្ចុប្បន្ន Saint Petersburg) សម្រាប់វិញ្ញាសាកីឡាទាំង ២ ប្រភេទនេះ។

លុះដល់ឆ្នាំ ២០១២ Putin ទទួលបាននូវខ្សែក្រវាត់ខ្មៅ ៨ ដាន់ និងក្លាយជាជនជាតិរុស្ស៊ីដំបូងបំផុតដែលអាចឈានមកដល់ចំណុចនេះបានក្នុងប្រវត្តិសាស្ត្រ ខណៈលោកក៏ជាអ្នកហ្វឹកហាត់នូវក្បាច់គុនការ៉ាត់តេផងដែរ។

តែទោះជាយ៉ាងណា Putin ក៏ធ្លាប់រងនូវការចោទប្រកាន់ពីលោក Benjamin Wittes ដែលជាម្ចាស់ខ្សែក្រវាត់ខ្មៅផ្នែកកីឡាតេក្វាន់ដូ និងអាយគីដូ អំពីការបំផ្លើសនៃចំណេះដឹងក្បាច់គុនរបស់ Putin ដោយបានអះអាងថា មិនមានវីដេអូបញ្ជាក់ពីចំណេះដឹងទាក់ទងនឹងក្បាច់គុន Judo របស់ប្រធានាធិបតីរុស្ស៊ី៕
ប្រភព: Wikipedia