កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអាល្លឺម៉ង់បានធ្វើការឃាត់ទុកនូវនាវាផ្ទាល់ខ្លួនដ៏ទំនើបដែលមានតម្លៃរហូតដល់ទៅជាង ៦០០ លានដុល្លារ របស់មហាសេដ្ឋីរុស្ស៊ីម្នាក់ដែលមានឈ្មោះថា Alisher Usmanov ខណៈបុគ្គលរូបនេះកំពុងស្ថិតនៅក្រោមគំនាបទណ្ឌកម្មសេដ្ឋកិច្ចដែលសហភាពអឺរ៉ុបកំពុងផ្ដល់ឲ្យមហាសេដ្ឋីរុស្ស៊ី។

បើយោងតាមការចុះផ្សាយពី Forbes បានឲ្យដឹងថា នាវាដែលមានប្រវែងជាង ១៥៦ ម៉ែត្រត្រូវបានរឹបអូសទៅទុកនៅភាគខាងជើងនៃកំពង់ផែ Hamburg ខណៈការរឹបអូសគឺធ្វើឡើងអំឡុងពេលនាវាមួយនេះកំពុងស្ថិតនៅកន្លែងជួសជុល Blohm + Voss កាលពីថ្ងៃពុធ។

បច្ចុប្បន្នសហភាពអឺរ៉ុបកំពុងព្យាយាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅកាន់មហាសេដ្ឋីរុស្ស៊ី ប្រមាណ ២៥ នាក់ផ្សេងទៀត សម្រាប់ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ នេះបើតាមការប្រកាសពីសេចក្ដីសម្រេចចិត្តជាផ្លូវការរបស់សហភាពអឺរ៉ុប។
បញ្ជាក់ដែរថា គិតត្រឹមថ្ងៃពុធកន្លងទៅ មាននាវាផ្ទាល់ខ្លួនរបស់មហាសេដ្ឋីរុស្ស៊ីយ៉ាងតិច ៥ កំពុងចតចោលនៅកោះ Maldives និងប្រជុំកោះនៅមហាសមុទ្រឥណ្ឌា ដែលជាទីតាំងមិនជាប់ពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិក ឬតំបន់អឺរ៉ុបណាឡើយ៕
ប្រភព: RT