កាលពីពេលកន្លងទៅនេះ អ្នកជំនួញជនជាតិរុស្ស៊ីម្នាក់បានប្រកាសថា នឹងផ្ដល់ប្រាក់រង្វាន់ ១ លានដុល្លារទៅកាន់មន្ត្រីយោធាណាក៏ដោយ ឲ្យតែអាចចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី Vladimir Putin បាន មិនខ្វល់ថាក្នុងសភាព “ស្លាប់ ឬ រស់”ឡើយ។

បុគ្គលដែលថ្លើមធំហ៊ានដាក់សេចក្ដីប្រកាសចាប់ខ្លួនមេដឹកនាំខាងលើគឺមានឈ្មោះថា Alex Konanykhin ជាសហគ្រិន និងជាអតីតធនាគារិក បានបង្ហោះសារនៅលើបណ្ដាញសង្គមដែលមានខ្លឹមសារដូចបានរៀបរាប់ បន្ទាប់ពីប្រទេសលោកខាងលិចចេញមុខដោះស្រាយបញ្ហារុស្ស៊ីវាយប្រហារទៅកាន់អ៊ុយក្រែន។

Konanykhin បានបង្ហោះសារនៅលើ Facebook របស់លោកកាលពីថ្ងៃអង្គារថា នឹងផ្ដល់ប្រាក់រង្វាន់ជូនដល់មន្ត្រីយោធារូបណាដែលអាចចាប់ខ្លួន Putin បាន បន្ទាប់ពីលោកចោទថ្នាក់ដឹកនាំរូបនេះថា ” Putin គឺជាឧក្រិដ្ឋជនសង្គ្រាមក្រោមច្បាប់រុស្ស៊ី និងអន្តរជាតិ”។

បញ្ជាក់ដែរថា សហគ្រិនជនជាតិរុស្ស៊ីម្នាក់នេះបានចាប់ផ្ដើមជំនួញតាំងពីវ័យក្មេង ហើយក្នុងវ័យ ២៥ ឆ្នាំ លោកធ្លាប់បង្កើតអាជីវកម្មដល់ទៅជាង ១០០ ក្រុមហ៊ុនឯណោះ។ នេះបើតាមការចុះផ្សាយពី The Washington Post ក្នុងឆ្នាំ ១៩៩៦។ បច្ចុប្បន្ន Konanykhin កំពុងរស់នៅទីក្រុង New York និងជា CEO នៃក្រុមហ៊ុន TransparentBusiness ដែលជាវេទិកាការងារឌីជីថលមួយ ខណៈទ្រព្យសម្បត្តិរបស់បុរសម្នាក់នេះគឺមានប្រមាណជាង ៣០០ លានដុល្លារ៕
ប្រភព: Newsweek