ក្រុមហ៊ុនជប៉ុន Odakyu ប្រកាសដាក់លក់សណ្ឋាគារផ្កាយ ៥ Hyatt Regency ក្នុងតម្លៃខ្ទង់ ៨៧០ លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍន៍ និងដឹកជញ្ជូនខ្នាតយក្សជប៉ុន Odakyu Electric Railway ត្រូវបានគេរាយការណ៍ថា គ្រោងនឹងដាក់លក់សណ្ឋាគារលំដាប់ផ្កាយ ៥ Hyatt Regency Tokyo នៅក្នុងតម្លៃប្រមាណ ៨៧០ លានដុល្លារ ។ ហើយចំពោះការលក់នេះ ត្រូវបានគេដឹងថា ដោយសារតែក្រុមហ៊ុន ចង់ផ្តោតទៅលើគម្រោងអភិវឌ្ឍន៍ឡើងវិញ ដែលនៅជិតស្ថានីយ៍ Shinjuku និងជាតំបន់អ៊ូអរ​នៅក្នុងរដ្ឋធានីតូក្យូ ។ យ៉ាងណានេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Nikkei ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ដំណើរការដេញថ្លៃ ត្រូវបានគេរំពឹងថានឹងចំណាយពេលរាប់ខែ ក្នុងការទាក់ទាញមូនិធិវិនិយោគជាច្រើន។ ខណ:ក្រុមហ៊ុន Odakyu ក៏ត្រូវបានគេរំពឹងថា នឹងលក់ភាគហ៊ុនរបស់ខ្លួន នៅក្នុងអគារការិយាល័យ ដែលនៅជាប់គ្នាជាមួយសណ្ឋាគារនោះផងដែរ ។ ហើយចំពោះការលក់នេះ ត្រូវបានគេរំពឹងថានឹងមានតម្លៃសរុបប្រហែល ១០០ ពាន់លានយ៉េន ឬ ៨៦៧ លានដុល្លារ ។

គួរឱ្យដឹងថា ទាំងអគារការិយាល័យ និងសណ្ឋាគារ គឺជាកម្មសិទ្ធិរួមគ្នា ជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life ដោយអគារ Hayatt មានកម្ពស់ ១១៧ ម៉ែត្រ ដែលបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ១៩៨០ ។

ដោយឡែក ជុំវិញការបោះជំហានថ្មីនេះ ក្រុមហ៊ុន Odakyu កំពុងមានគ្រោងធ្វើការអភិវឌ្ឍន៍ តំបន់នៅភាគខាងលិច នៃស្ថានីយ៍ Shinjuku ខណ:ក្រុមហ៊ុនដៃគូ Odakyu Department Store ក៏នឹងសាងសង់ហាងលក់ទំនិញនៅទីនោះផងដែរ ។

បន្ថែមពីនេះ ក្រុមហ៊ុន ក៏នឹងសាងសង់អគារពាណិជ្ជកម្មកម្ពស់ ៤៨ ជាន់ ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងខែតុលា ទើបបានធ្វើឱ្យ Odakyu ត្រូវការសាច់ប្រាក់ច្រើនពីការលក់សណ្ឋាគារ និងអគារការិយាល័យ ដើម្បីចំណាយទៅលើគម្រោងធំៗទាំងនេះ ៕

ប្រភព: Nikkei