ក្រសួងហិរញ្ញវត្ថុវៀតណាម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងស្នើទៅកាន់រដ្ឋាភិបាល ដើម្បីធ្វើការកាត់បន្ថយពន្ធបរិស្ថាន ទៅលើប្រេងឥន្ធន: ចំពេលកំពុងមានការកើនឡើងតម្លៃនៃប្រភពថាមពលខ្លាំង នៅទូទាំងពិភពលោក ។
ជាក់ស្តែង ក្រសួងខាងលើ កំពុងស្វែងរកការអនុម័ត ក្នុងការកាត់បន្ថយពន្ធ ចំនួន ២៥% លើប្រេងសាំង មកត្រឹម ៣ ០០០ ដុង ឬ ០,១៣ ដុល្លារ ក្នុងមួយលីត្រ និងកាត់បន្ថយពន្ធទៅលើប្រេងម៉ាស៊ូត និងប្រេងរំអិល មកត្រឹម ២ ០០០ ដុង ក្នុងមួយលីត្រ។ ដោយឡែកសម្រាប់ប្រេងកាតវិញ គ្រោងនឹងកាត់បន្ថយពាក់កណ្តាល មកត្រឹមចំនួន ៥០០ ដុង ក្នុងមួយលីត្រ ។
ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ តម្លៃប្រេងសាំង ក្នុងស្រុកនាពេលថ្មីៗនេះ បានហក់កើនឡើងខ្ពស់ ដែលស្របទៅនឹងការកើនឡើងជាសកលនៃតម្លៃថាមពល។ ប៉ុន្តែវាបានបណ្តាលឱ្យមានផលប៉ះពាល់ យ៉ាងខ្លាំងដល់អាជីវកម្ម និងការចំណាយរបស់ប្រជាជន និងថែមទាំងបានដាក់សម្ពាធទៅលើអតិផរណាទៀតផង ” ។
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃអង្គារ ប្រទេសវៀតណាម បានដំឡើងតម្លៃប្រេងសាំង RON92 របស់ខ្លួន ២,១% ដល់កម្រិតខ្ពស់បំផុត ក្នុងចំនួន ២៦ ០៧១ ដុង ឬ ១,១៤ ដុល្លារ ក្នុងមួយលីត្រ ។
ជាមួយគ្នានេះ ក្រសួងបានធ្វើការប៉ាន់ប្រមាណថា ការកាត់បន្ថយពន្ធប្រេងឥន្ធន: អាចនឹងចូលជាធរមានចាប់ពីខែមេសា រហូតដល់ចុងឆ្នាំ ខណ:ការប្រមូលពន្ធបរិស្ថាន នឹងត្រូវកាត់បន្ថយប្រហែល ១២ ទ្រីលានដុង ឬ ជាង ៥៣០ លានដុល្លារ ហើយចំណែកឯសន្ទស្សន៍អ្នកប្រើប្រាស់ជាមធ្យម នឹងទាបជាង ០,៦៧% ៕
ប្រភព: CNA