កាលពីព្រឹកថ្ងៃសុក្រនេះ លឺដំណឹងមកថាកងទ័ពរបស់រុស្ស៊ីបានវាយចូលដល់ និងបានកាន់កាប់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ខណៈវាគឺជាប្រភពថាមពលធំបំផុតនៅអឺរ៉ុប និងធំបំផុតទី ៩ នៅលើលោក។

ក្រោយទទួលបានដំណឹងនេះភ្លាម នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស Boris Johnson បានតេរទូរស័ព្ទមកកាន់ប្រធានាធិបតី Zelenskyy ដោយបានសន្យាថា នឹងធ្វើរាល់គ្រប់មធ្យោបាយដើម្បីទាក់ទងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN ក្នុងការជួយសម្រួលលុបបំបាត់សង្គ្រាមមួយនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយ PA News Agency អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបាននិយាយ៖ “ថ្នាក់ដឹកនាំទាំង ២ បានព្រមព្រៀងថា រុស្ស៊ីត្រូវតែបញ្ឈប់ការវាយប្រហារជាបន្ទាន់ទៅលើរោងចក្រផ្ដល់ថាមពល និងត្រូវអនុញ្ញាតឲ្យមានការចូលទៅជួសជុលរោងចក្រមួយនេះភ្លាមៗ”។
“នាយករដ្ឋមន្ត្រីបាននិយាយថា សកម្មភាពដ៏ខ្ជះខ្ជាយរបស់ប្រធានាធិបតី Putin អាចចាត់ទុកថា ជាការគម្រាមដល់សុវត្ថិភាពនៃសហភាពអឺរ៉ុបទាំងមូល។ លោកបានអះអាងទៀតថា ចក្រភពអង់គ្លេសនឹងធ្វើរាល់គ្រប់មធ្យោបាយដើម្បីធានាមិនឲ្យបញ្ហាមួយនេះកាន់តែរីកធំនោះឡើយ”។

“នាយករដ្ឋមន្ត្រីថែមទាំងនិយាយទៀតថា លោកនឹងស្នើសុំជួបជាមួយក្រុមប្រឹក្សាសន្តិសុខ UN ជាបន្ទាប់នៅរយៈពេលប៉ុន្មានម៉ោងទៀត ហើយអង់គ្លេសនឹងលើកយកបញ្ហាដែលរុស្ស៊ីបានបង្កមកនិយាយនៅក្នុងជំនួបមួយនេះ”។
បញ្ជាក់ដែរថា បើទោះជាមានការប៉ះទង្គិចគ្នារវាងក្រុមទាហានទាំងសងខាងនៅក្បែររោងចក្រនុយក្លេអ៊ែរនោះក្ដី តែ IAEA បានអះអាងថា វាមិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់រីអែកទ័រឡើយ ហើយក៏មិនធ្វើឲ្យគ្រឿងប្រដាប់ប្រដាមានបញ្ហាខ្លាំងឡើយ៕
ប្រភព: Scotsman