យោងតាមការអះអាងពីក្រសួងការពារជាតិរបស់រុស្ស៊ីបានឲ្យដឹងថា ពួកគេនឹងផ្អាកការវាយប្រហារនៅតាមតំបន់ខ្លះរបស់អ៊ុយក្រែន ដើម្បីទុកពេលឲ្យប្រជាជនអ៊ុយក្រែនអាចធ្វើការជម្លៀសខ្លួនដោយសុវត្ថិភាព។
“ថ្ងៃទី ៥ មីនាចាប់ពីម៉ោង ១០ ព្រឹក គិតតាមម៉ោងនៅទីក្រុង Moscow កងទ័ពរបស់រុស្ស៊ីបានយល់ព្រមផ្អាកការវាយប្រហារ និងបើកច្រកឲ្យប្រជាជនមកពីទីក្រុង Mariupol និង Volnovakha អាចជម្លៀសខ្លួនបានដោយសុវត្ថិភាព ហើយនេះគឺជាការសម្រេចចិត្តរបស់ភាគីទាំងសងខាង”។
ដោយឡែក រដ្ឋមន្ត្រីនៅប្រទេសលោកខាងលិចយល់ឃើញថា នេះគឺជាយុទ្ធសាស្ត្រមួយរបស់រុស្ស៊ីដែលងាកពីការវាយប្រហារទៅលើកងយោធា មកដាក់គោលដៅលើប្រជាជនវិញ ដ្បិតមួយរយៈកាលចុងក្រោយ ទីក្រុងធំៗរបស់អ៊ុយក្រែនសុទ្ធតែទទួលបានការវាយប្រហារស្ទើទាំងអស់។
ពួកគេអះអាងទៀតថា យុទ្ធសាស្ត្រថ្មីនេះអាចកើតមានបន្ទាប់ពីប្រធានាធិបតី Vladimir Putin បរាជ័យក្នុងការយកឈ្នះសង្គ្រាមរយៈពេលខ្លី ស្របពេលបើសង្គ្រាមនៅតែអូសបន្លាយ ផលប៉ះពាល់នឹងកាន់តែមានខ្លាំងដូចគ្នា។
បញ្ជាក់ដែរថា ជំនួបចរចាលើកទី ២ រវាងប្រទេសទាំង ២ បានបញ្ចប់ទៅកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ប៉ុន្តែវាមិនបានលទ្ធផលដូចដែលអ៊ុយក្រែនចង់បានឡើយ តែភាគីទាំងសងខាងបានយល់ព្រមពីការជម្លៀសប្រជាជនទៅកាន់ទីកន្លែងសុវត្ថិភាពជាមុនសិន។
បន្ថែមពីនោះ Putin បានប្រាប់ទៅកាន់អធិការបតីអាល្លឺម៉ង់ Olaf Scholz នៅថ្ងៃសុក្រថា ជំនួបចរចាលើកទី ៣ នឹងធ្វើឡើងនៅពេលដ៏ខ្លីខាងមុខនេះ៕
ប្រភព: CNN