Tesla ទទួលបានភ្លើងខៀវ ក្នុងការសាងសង់រោងចក្រតម្លៃជាង ៥ ពាន់លានដុល្លារ នៅ​អាល្លឺម៉ង់

អន្តរជាតិ

រដ្ឋាភិបាលទីក្រុង Brandenburg នៃប្រទេសអាល្លឺម៉ង់ បានធ្វើសន្និសីទសារព័ត៌មានការពីចុងសប្តាហ៍មុន ដើម្បីបញ្ជាក់ចំពោះការយល់ព្រមលើក្រុមហ៊ុន Tesla សម្រាប់គម្រោងសាងសង់រោងចក្រតម្លៃ ៥,៥ លានដុល្លាររបស់ពួកគេ នៅ​ក្បែរ​ទីក្រុង Berlin ប្រសិនបើលក្ខខណ្ឌជាក់លាក់ត្រូវបានបំពេញ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ជាក់ស្តែងរដ្ឋាភិបាលនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” នីតិវិធីអនុម័តសម្រាប់ក្រុមហ៊ុនរថយន្តអេឡិចត្រូនិក និងរោងចក្រអាគុយរបស់ក្រុមហ៊ុនអាមេរិក Tesla នៅឯក្រុង Gruenheide នៃរដ្ឋ Brandenburg គឺជិតរួចរាល់ហើយ ” ។

គួរឱ្យដឹងផងដែរថា Tesla បានចំណាយពេលអស់ជាច្រើនខែ ដើម្បីរង់ចាំការអនុម័ត សម្រាប់អាជ្ញប័ណ្ណ ដើម្បីចាប់ផ្តើមផលិតកម្ម នៅរោងចក្ររថយន្តអគ្គិសនី (EV) និងរោងចក្រអាគុយ នៅជិតទីក្រុង Berlin ។

យ៉ាងណានាយកប្រតិបត្តិ លោក Elon Musk សង្ឃឹមថា រោងចក្រនេះ នឹងជាគន្លឹះនៃមហិច្ឆតារបស់លោក ក្នុងការដណ្តើមយកចំណែកទីផ្សារអឺរ៉ុប ដែលបច្ចុប្បន្នក្រុមហ៊ុន Volkswagen កំពុងកាន់កាប់ច្រើនជាងគេ ដល់ទៅ ២៥% នៃការលក់រថយន្តអគ្គិសនី ស្របពេល Tesla មានត្រឹម ១៣% ប៉ុណ្ណោះ ។

ទន្ទឹមនឹងនេះ បន្ទាប់ពីមានការពន្យាពេលជាយូរ មហាសេដ្ឋីពិភពលោករូបនេះ សង្ឃឹមថារោងចក្រថ្មីរបស់លោកនៅអាល្លឺម៉ង់ អាចនឹងចាប់ផ្តើមដំណើរការនៅខែធ្នូ។ ប៉ុន្តែយ៉ាងណាក្រុមហ៊ុន មិនទាន់បានធ្វើបច្ចុប្បន្នភាព បន្ថែមទៀតនូវកាលវិភាគរបស់ខ្លួន សម្រាប់ការដាក់ឱ្យដំណើរការនេះនៅឡើយទេ ៕

ប្រភព: Zawya