កាលពីពេលថ្មីៗនេះ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបានចេញមុខអះអាងថា ក្រុមស៊ើបអង្កេតសំងាត់បានឲ្យដំណឹងមកថា រុស្ស៊ីហាក់ព្យាយាមរកវិធីសាស្ត្រក្នុងការកំណត់ការទទួលព័ត៌មានរបស់ប្រជាជនអ៊ុយក្រែនពីសារព័ត៌មានឯករាជ្យផ្សេងៗ។
“រុស្ស៊ីប្រហែលជាកំពុងដាក់រ៉ាដាទៅលើហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងរបស់ប្រទេសអ៊ុយក្រែន ដើម្បីកាត់បន្ថយការចូលប្រើប្រាស់ព័ត៌មានរបស់ប្រជាជនអ៊ុយក្រែន ក្នុងការទទួលបានព័ត៌មានទាក់ទងនឹងស្ថានការណ៍បច្ចុប្បន្ន”។ នេះបើតាមការបង្ហោះសាររបស់ពួកគេនៅលើ Twitter។
រដ្ឋមន្ត្រីនៃក្រសួងខាងលើបានបន្ថែមទៀតថា៖ “កងទ័ពរុស្ស៊ីបានវាយកំទេចអង់តែនទូរទស្សន៍នៅទីក្រុង Kharkiv កាលពីម្សិលមិញ ដើម្បីបង្អាក់ការផ្សព្វផ្សាយព័ត៌មាន។ ការវាយប្រហារនេះគឺធ្វើឡើងដូចទៅនឹងការបាញ់កំទេចអង់តែនទូរទស្សន៍នៅទីក្រុង Kyiv កាលពីថ្ងៃទី ០១ មីនា ២០២២”។
“ដោយឡែក ការប្រើប្រាស់អ៊ីនធឺណិតរបស់ប្រជាជនអ៊ុយក្រែនក៏មានការរំខានដោយសារ រុស្ស៊ីបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង ហើយកាលពីសប្ដាហ៍មុនមានរបាយការណ៍អំពីការដាច់អ៊ីនធឺណិតនៅទីក្រុង Mariupol, Sumy, Kyiv និង Kharkiv ផងដែរ”។
បញ្ជាក់ដែរថា កាលពីសប្ដាហ៍មុនរុស្ស៊ីបានធ្វើការដាក់ទោសទៅលើសារព័ត៌មានមួយក្នុងស្រុក ដោយបានចោទប្រកាន់ពួកគេពីការផ្សព្វផ្សាយព័ត៌មានមិនពិត ហើយក៏កំពុងរឹតបន្តឹងការផ្សព្វផ្សាយព័ត៌មាននៅក្នុងស្រុកផងដែរ៕
ប្រភព: CNN