ប្រធានាធិបតី​ Zelensky ព្រមាន​ប្រទេស​លោកខាងលិច បើសិន​អ៊ុយក្រែន​ចាញ់សង្គ្រាម

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ លោក​ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយក្រែន​ Volodymyr Zelensky បាន​ធ្វើការ​ព្រមាន​ដល់​ប្រទេស​លោកខាងលិច​ថា សង្គ្រាម​នឹង​មិន​បញ្ឈប់​ត្រឹម​អ៊ុយក្រែន​ឡើយ ពោល​គឺ​នឹង​រីករាលដាល​ទូទាំង​ពិភពលោក បើ​វា​មិន​បញ្ឈប់​ឆាប់ៗ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ ABC World News Tonight ជាមួយ​នឹង David Muir លោក Zelensky បាន​ស្នើសុំ​ឲ្យ​អាមេរិក និង​អង្គការ​ NATO ជួយ​ចេញ​មុខ​អន្តរាគមន៍​ឲ្យ​បាន​ទាន់ពេលវេលា និង​កុំព្យាយាម​គេចវែស​ឲ្យ​សោះ។

ប្រធានាធិបតី​រូបនេះ​បាន​អះអាង​ថា ប្រធានាធិបតី​អាមេរិក Joe Biden គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បញ្ឈប់​សង្គ្រាម​មួយ​នេះ​បាន ស្របពេល​អាមេរិក និង NATO បាន​ចេញ​មុខ​ប្រឆាំង​ចំពោះ​ការ​បង្កើត​ច្បាប់​បញ្ឈប់​ផ្លូវអាកាស​នៅ​អ៊ុយក្រែន (No-Fly Zone) ដោយ​បាន​ជឿ​ថា ការ​ប្រើប្រាស់​វិធីសាស្ត្រ​មួយ​នេះ​គឺ​នឹង​អាច​បង្ក​ឲ្យ​មាន​សង្គ្រាម​ទូទាំង​តំបន់​អឺរ៉ុប។

ជាការពិត កាលពី​ថ្ងៃសៅរ៍​កន្លងទៅ ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ទម្លាយ​ឲ្យ​ដឹង​ដែរ​ថា បើសិន​ជា​ប្រទេស​ណាមួយ​ដែល​យល់ព្រម​ចេញ​ច្បាប់​បិទ​ផ្លូវអាកាស​​ នោះ​លោក​នឹង​ចាត់ទុក​ថា​ជា​ការ​ចូលរួម​នៅ​ក្នុង​វិវាទ​មួយ​នេះ​ជា​មិនខាន។

បញ្ជាក់​ដែរ​ថា ប្រធានាធិបតី Zelensky បាន​អះអាង​ និង​ព្រមាន​ទៅ​កាន់​ប្រទេស​លោកខាងលិច​ថា៖ “គ្រប់គ្នា​ប្រហែល​ជា​គិត​ថា ពួកយើង (អ៊ុយក្រែន) គឺ​នៅ​ឆ្ងាយខ្លាំង​ពី​អាមេរិក ឬ​ក៏​កាណាដា តែ​ការពិត​មិន​ដូច្នោះ​ទេ ព្រោះ​ពួកយើង​សុទ្ធ​តែ​ស្ថិតនៅ​ក្នុង​តំបន់​សេរីភាព​ទាំងអស់គ្នា។ នៅពេល​ដែល​សិទ្ធិសេរីភាព​ត្រូវបាន​បំពាន អ្នក​ត្រូវតែ​ការពារ​ពួកយើង ព្រោះ​ពួកយើង​អាច​នឹង​ជា​ចំណុច​ចាប់ផ្ដើម ប៉ុន្តែ​អ្នក​នឹង​ក្លាយជា​ចំណុច​បន្ទាប់ ហើយ​វា​នឹង​រីកធំទៅៗ”៕

ប្រភព: CNN