ក្រុមហ៊ុន Nissan បានប្រកាសថា ខ្លួនកំពុងតែចូលរួមជាមួយក្រុមហ៊ុនរថយន្តមួយចំនួនទៀត នៅក្នុងបេសកកម្មមនុស្សធម៌ ដើម្បីជួយសង្រ្គោះប្រទេសអ៊ុយក្រែន ដែលកំពុងធ្លាក់ចូលទៅក្នុងវិបត្តិសង្រ្គាម ។
ជាក់ស្តែងមូលនិធិមួយ ដែលមានឈ្មោះថា Nissan Cares ត្រូវបានក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនមួយនេះ បង្កើតឡើង ក្នុងគោលបំណង ប្រមូលប្រាក់រហូតដល់ ២,៥ លានអឺរ៉ូ ឬស្មើនឹង ២,៧ លានដុល្លារ ដើម្បីគាំទ្រដល់វិបត្តិ ដែលកំពុងកើតមានលើប្រទេសអ៊ុយក្រែន ។
ក្នុងចំណោមទឹកប្រាក់ ២,៧ លានដុល្លារនេះ នឹងត្រូវបែងចែក ១,១ លានដុល្លារ ដើម្បីបរិច្ចាគ ទៅកាន់កាកបាទក្រហម និងអង្គការមិនស្វែងរកប្រាក់ចំណេញផ្សេងទៀត។ ដែលនេះគឺដើម្បីជួយដល់សកម្មភាពសង្រ្គោះបន្ទាន់ ជាពិសេសគឺការសង្រ្គោះជីវិត និងការផ្គត់ផ្គង់ចាំបាច់ ដល់គ្រួសារ និងកុមារក្នុងប្រទេសអ៊ុយក្រែន នៅពេលនេះ ។
បន្ថែមពីនេះ Nissan ក៏នឹងស្ម័គ្រចិត្តក្នុងការបរិច្ចាគរថយន្តរបស់ខ្លួនដែរ ប្រសិនបើវាអាចជួយដល់ប្រតិបត្តិការនេះបាន ។
ដោយឡែកសម្រាប់ថវិកា ១,៦ លានដុល្លារផ្សេងទៀត នៃមូលនិធិ Nissan Cares នេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ស្ថិរភាពហិរញ្ញវត្ថុ និងការគាំទ្រ ជាបន្តបន្ទាប់ សម្រាប់បុគ្គលិក Nissan និងក្រុមគ្រួសាររបស់ពួកគេ ដែលបានរងផលប៉ះពាល់ ដោយសារវិបតិ្តនេះ។
ហើយដោយអាស្រ័យលើស្ថានភាព ទឹកប្រាក់នេះ គឺអាចត្រូវបានប្រើប្រាស់ សម្រាប់ការផ្លាស់ប្តូរទីលំនៅ ថ្លៃរស់នៅ ថ្លៃព្យាបាល និងជំនួយពិសេស សម្រាប់កុមារទៀតផង ។
គួរឱ្យដឹងផងដែរថា កាលពីពេលថ្មីៗនេះ ក្រុម Nissan ក៏បានប្រកាសថា ខ្លួនបានផ្អាកការនាំចេញយាន្តយន្ត ទៅកាន់ប្រទេសរុស្ស៊ី ក៏ដូចជាបានផ្អាកការផលិត នៅក្នុងរោងចក្ររបស់ខ្លួន នៅឯរដ្ឋ Petersburg ផងដែរ ៕
ប្រភព: Moto1