ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា ប្រទេសរុស្ស៊ីបានឈ្លានពានចូលទៅកាន់ប្រទេសជិតខាងអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែមុន ដោយបានអះអាងថា ការវាយប្រហារនេះធ្វើឡើងដើម្បីទប់ស្កាត់ការពង្រីកមហិច្ឆតារបស់អង្គការ NATO មកភាគខាងកើតនៃតំបន់អឺរ៉ុប។
យ៉ាងណា ទង្វើដែលរុស្ស៊ីធ្វើដាក់អ៊ុយក្រែនបានបណ្ដាលឲ្យប្រទេសនៅតំបន់អឺរ៉ុប និងលោកខាងលិចជាច្រើនមានការមិនពេញចិត្តជាខ្លាំង និងបានដាក់គំនាបទណ្ឌកម្មសេដ្ឋកិច្ចទៅកាន់ប្រទេសធំបំផុតនៅលើលោកមួយនេះ ក៏ដូចជាបង្កកអាជីវកម្មមហាសេដ្ឋីរុស្ស៊ីនៅតំបន់អឺរ៉ុបជាច្រើនរូបផងដែរ។
ជាកិច្ចឆ្លើយតបចំពោះសកម្មភាពដែលប្រទេសនៅលើពិភពលោកបានធ្វើទៅកាន់រុស្ស៊ី រដ្ឋាភិបាលបានបញ្ចេញបញ្ជីឈ្មោះមួយដែលរាប់បញ្ចូលប្រមាណជាង ២០ ប្រទេស ដែលរុស្ស៊ីចាត់ទុកថាបានធ្វើសកម្មភាពមិនគប្បីដល់ប្រជាជន និងប្រទេសរបស់ពួកគេ។
បញ្ជីឈ្មោះទាំងនោះមានដូចជា អូស្ត្រាលី អាល់បានី អង់ដូរ៉ា ចក្រភពអង់គ្លេស រដ្ឋសមាជិកសហភាពអឺរ៉ុប អ៊ីស្លង់ កាណាដា លីចតេនស្ទីន មីក្រូនេស៊ី ម៉ូណាកូ នូវែលសេឡង់ ន័រវែស កូរ៉េខាងត្បូង សាន់ម៉ារីណូ ភាគខាងជើងម៉ាសេដូនៀ សិង្ហបុរី សហរដ្ឋអាមេរិក តៃវ៉ាន់ អ៊ុយក្រែន ម៉ុងតេណេហ្គ្រោ ស្វីស និងជប៉ុន៕
ប្រភព: News.az