ថ្មីៗនេះ ប្រធានាធិបតី លោក Joe Biden បានធ្វើការហាមប្រាម ចំពោះការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី មកកាន់សហរដ្ឋអាមេរិក ខណ:ពេលដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងតែព្យាយាមបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ ជុំវិញការឈា្លនពានទៅលើអ៊ុយក្រែន ។
យ៉ាងណាជុំវិញការបោះជំហានថ្មីនេះ ក៏ត្រូវបានធ្វើតាមដោយចក្រភពអង់គ្លេសផងដែរ ចំពោះការបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី ប៉ុន្តែសម្រាប់សហភាពអឺរ៉ុប គឺមិនបានធ្វើតាមប្រទេសទាំង ២ ឡើយ ហើយជំនួសមកវិញ បានត្រឹមតែបង្ហាញពីផែនការកាត់បន្ថយការនាំចូលឧស្ម័នពីរុស្ស៊ីមកត្រឹមចំណួន ២/៣ ក្នុងរយ:ពេលមួយឆ្នាំ ។
គួរឱ្យដឹងផងដែរថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនេះ កំពុងតែបើកការនាំមុខជាថ្មី ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់ផ្តាច់ទីក្រុងម៉ូស្គូ ចេញពីសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីមានវិធានការ ដាក់ទណ្ឌកម្មលើធនគាររុស្ស៊ីសំខាន់ៗ រួមទាំងមន្រ្តីរដ្ឋាភិបាលកំពូល មន្ត្រីរាជការ ក៏ដូចជាធនាគារកណ្តាលរបស់ពួកគេផងដែរ ។
លើសពីនេះ លោក Biden បាននិយាយ ពីសេតវិមានថា ” ប្រេងរបស់រុស្ស៊ី នឹងមិនអាចទទួលបានទៀតទេ នៅកំពង់ផែរបស់សហរដ្ឋអាមេរិក ហើយប្រជាជានអាមេរិក នឹងចាត់វិធានការដ៏ខ្លាំងក្លាមួយផ្សេងទៀត ចំពោះការបង្ករសង្គ្រាមឡើងរបស់ Putin” ។
ដោយឡែក សភាអាមេរិក ក្នុងពេលថ្មីៗនេះ ក៏បានធ្វើការបោះឆ្នោត សម្រាប់ការបញ្ចេញកញ្ចប់ជំនួយប្រមាណ ១៣,៦ ពាន់លានដុល្លារ សម្រាប់ជួយទៅដល់ប្រទេសអ៊ុយក្រែន ដែលកំពុងស្ថិតនៅក្រោមការលុកលុយពីសំណាក់ប្រទេសរុស្ស៊ីផងដែរ ៕
ប្រភព: FinancialTimes