សំពាធទណ្ឌកម្មសេដ្ឋកិច្ចពីតំបន់អឺរ៉ុបមកកាន់មហាសេដ្ឋី និងអ្នកជំនួញជនជាតិរុស្ស៊ីគឺពិតជាធ្ងន់ធ្ងរខ្លាំង ពោលគឺបង្កងរាល់មុខជំនួញដែលកាន់កាប់ដោយជនជាតិរុស្ស៊ីស្ទើរតែទាំងស្រុង។
ជាក់ស្ដែង មហាសេដ្ឋី Mikhail Fridman និង Petr Aven ដែលជាម្ចាស់ក្រុមហ៊ុនវិនិយោគ LetterOne បានប្រកាសចុះចេញពីតំណែងជាប្រធានធនាគារធំបំផុតមួយនៅរុស្ស៊ី បន្ទាប់ពីទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីតំបន់អឺរ៉ុប។

Fridman ដែលមានអាយុ ៥៧ ឆ្នាំ និងដៃគូ Aven មានវ័យ ៦៦ ឆ្នាំបានសម្រេចចិត្តចុះចេញពីតំណែងជាប្រធាន Alfa-Bank ដែលជាក្រុមហ៊ុនមេរបស់ ABH Holdings បន្ទាប់ពីសហភាពអឺរ៉ុបបានដាក់គំនាបសេដ្ឋកិច្ចទៅលើបុគ្គលទាំង ២ រូបនេះ។

ក្រៅពីលាលែងពីតំណែងនៅធនាគារ Alfa-Bank បុគ្គលទាំង ២ រូបនេះថែមទាំងបានចុះចេញពីមុខនាទីជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិនិយោគ LetterOne មានទីតាំងនៅប្រទេសលុចហ្សំបួរទៀតផង ខណៈអ្នកទាំង ២ អះអាងថា ទណ្ឌកម្មសេដ្ឋកិច្ចមួយនេះគឺ មិនសក្ដិសមឡើយ ហើយពួកគេនឹងព្យាយាមតវ៉ា។
យោងទៅតាមការអះអាងពី Bloomberg Billionaires Index បានឲ្យដឹងថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់ Fridman គឺមានប្រមាណ ៩,៩ ពាន់លានដុល្លារ ខណៈដៃគូអាជីវកម្ម Aven មានប្រមាណ ៥,៥ ពាន់លានដុល្លារ។

បញ្ជាក់ដែរថា បច្ចុប្បន្នក្រៅពីបុគ្គលទាំង ២ ខាងលើ ក៏នៅមានមហាសេដ្ឋីរុស្ស៊ីផ្សេងទៀតដែលកំពុងប្រឈមនឹងបញ្ហាស្រដៀងគ្នា តួយ៉ាង Roman Abramovich កំពុងព្យាយាមលក់ក្លឹប Chelsea ទាំងបង្ខំ ក្រោយទទួលរងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរពីចក្រភពអង់គ្លេស៕
ប្រភព: bloombergquint