ប្រទេសដែលទទួលបានការពេញចិត្តបំផុត ឬ Most Favored Nation (MFN) គឺជាមុខតំណែងមួយសម្រាប់សំគាល់ ឬក៏ជាការបើកផ្លូវជួញដូរពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសមួយទៅប្រទេសមួយទៀត ហើយវាក៏អាចជួយដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលទទួលបានសិទ្ធិមួយនេះផងដែរ។

ជាការពិត មហាអំណាចរុស្ស៊ីក៏មានឈ្មោះនៅក្នុងបញ្ជី MFN ផងដែរ តែថ្មីៗនេះសហរដ្ឋអាមេរិកបានចេញមុខស្នើសុំឲ្យសហភាពអឺរ៉ុប និង G7 ជួយចេញអន្តរាគមន៍ក្នុងការដកសិទ្ធិរុស្ស៊ីពី MFN ដើម្បីជាផ្នែកមួយនៃទណ្ឌកម្មសេដ្ឋកិច្ចដែលពិភពលោកកំពុងសម្រុកដាក់ទៅលើរុស្ស៊ី។

បើតាមការឲ្យដឹងពីប្រភពជិតស្និទ្ធមួយបានប្រាប់ទៅកាន់ CNN ប្រធានាធិបតី Joe Biden ចង់ឲ្យ G7 និងសហភាពអឺរ៉ុបលុបសិទ្ធិ MFN ពីរុស្ស៊ី ដើម្បីបិទច្រកពាណិជ្ជកម្មរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។
ដោយឡែក ដើម្បីអាចដកហូតសិទ្ធិ MFN របស់រុស្ស៊ីជាអចិន្ត្រៃយ៍បាន សភាអាមេរិកនឹងរិះរកគ្រប់មធ្យោបាយដើម្បីសម្រេចរឿងមួយនេះ។ នេះបើតាមប្រភពខាងលើបានបញ្ជាក់ឲ្យដឹង។

បញ្ជាក់ដែរថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រុមព្រឹទ្ធសភាអាមេរិកបានជួបពិភាក្សា និងបានសម្រេចរឹតបន្តឹងការជួញដូរពាណិជ្ជកម្មរបស់រុស្ស៊ីបន្ថែមទៀត ដោយបញ្ឈប់ការនាំចូលប្រេង ឧស្ម័ន និងធ្យូងថ្មពីរុស្ស៊ីចូលមកទឹកដីអាមេរិក៕
ប្រភព: CNN