កសិករនាំគ្នា ទទូចឱ្យរដ្ឋាភិបាលប៉ាគីស្ថាន បញ្ឈប់ការនាំចេញស្រូវសាលី ខណ:បារម្ភខ្វះខាត ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន

អន្តរជាតិ

ប្រជាកសិករនៅក្នុងប្រទេសប៉ាគីស្ថាន បានណែនាំដល់រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ ឱ្យបញ្ឈប់ការនាំចេញស្រូវសាលី និងរក្សាស្តុកទុក បន្ទាប់ពីមានក្តីបារម្ភចំពោះការខ្វះខាត ដែលអាចកើតមាន ដោយសារតែការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន នៅតែបន្ត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងក្រុមប្រឹក្សាភិបាល Sindh Abadgar ដែលជាអ្នកតំណាងកសិករនៅក្នុងប្រទេសប៉ាគីស្ថាន បាននិយាយថា សង្គ្រាមនៅអ៊ុយក្រែន អាចរំខានដល់ការផ្គត់ផ្គង់ស្រូវសាលី នៅជុំវិញពិភពលោក ។ យ៉ាងណានេះបើតាមរបាយការណ៍ពី The Express Tribune ។

គួរឱ្យដឹងផងដែរថា ប្រទេសអ៊ុយក្រែន គឺជាប្រទេសផលិតស្រូវសាលីដ៏ធំបំផុតមួយ ដោយពួកគេបានគ្រប់គ្រងជិត ១២% នៃទីផ្សារស្រូវសាលីរបស់ពិភពលោក ។ ហើយជាមួយគ្នានោះ អ៊ុយក្រែន និងរុស្ស៊ីរួមគ្នា ក្នុងការនាំចេញស្រូវសាលីជិតមួយភាគបី លើពិភពលោក ។

ប៉ុន្តែដោយសារតែជម្លោះរវាងប្រទេស ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំទាំង ២ នៅតែបន្ត ដូច្នេះហើយទើបបានធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិអន្តរជាតិមានការកើនឡើងខ្ពស់ ស្របពេលក្រុមប្រឹក្សាភិបាល Sindh Abadgar បានចង្អុលបង្ហាញថាទីក្រុងអ៊ីស្លាម៉ាបាដ ចាំបាច់ត្រូវការពារ ចំពោះការប្រមូលផលស្រូវសាលី របស់ប្រទេសប៉ាគីស្ថាន ពីការរត់ពន្ធ នាំចេញទៅក្រៅប្រទេស ។

លើសពីនេះ ពួកគេបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ​៖ ” រដ្ឋាភិបាលគួរតែធានាថាស្រូវសាលីនៅតែមាននៅក្នុងស្តុក នៅក្នុងប្រទេស ហើយរាល់កិច្ចខិតខំប្រឹងប្រែង គួរតែត្រូវបានធ្វើឡើង ដើម្បីរក្សាទុនបម្រុងយុទ្ធសាស្រ្ត ” ៕

ជាការពិតប្រជាជន ប៉ាគីស្ថាន គឺងាយនឹងទទួលរងនូវការរំខានណាមួយ ក្នុងការផ្គត់ផ្គង់ស្រូវសាលី ដែលជារបបអាហារដ៏សំខាន់របស់ពួកគេ ហើយប៉ាគីស្ថាន គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសអ្នកដែលនាំចូលស្រូវសាលីដ៏ធំបំផុត របស់អ៊ុយក្រែន ក្នុងឆ្នាំ ២០២០ ៕

ប្រភព: Alaraby