ដើម្បី​គេចវេស​ពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ ក្រុម​មហាសេដ្ឋី​រុស្ស៊ី​យក​នាវា​ផ្ទាល់ខ្លួន​ទៅ​ចត​ចោល​នៅ​កន្លែង ២ នេះ

អន្តរជាតិ

ប្រទេស​នៅ​តំបន់អឺរ៉ុប និង​លោកខាងលិច​ជាច្រើន​កំពុង​សម្រុក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ចាប់ផ្ដើម​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ក្រុម​មហាសេដ្ឋី​រុស្ស៊ី​ជាច្រើន​នាក់ ដែល​កំពុង​មាន​មុខជំនួញ​ធំៗ​នៅ​ទីនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្ដែង​កាលពី​សប្ដាហ៍​មុន រដ្ឋាភិបាល​អាល្លឺម៉ង់ និង​អ៊ីតាលី​បាន​ដកហូត​នាវា​ផ្ទាល់ខ្លួន​ដែល​ស្ថិត​ក្រោមការ​គ្រប់គ្រង​របស់​មហាសេដ្ឋី​រុស្ស៊ី​ជា​បន្តបន្ទាប់ ហើយ​ដើម្បី​គេចវេស​ពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ​បែបនេះ ក្រុម​អ្នកមាន​រុស្ស៊ី​ចាប់ផ្ដើម​ស្វែងរក​ទីតាំង​សមស្រប​សម្រាប់​ជម្លៀស​សម្ភារៈ​និយម​របស់​ពួកគេ។

បើ​តាម​ការ​ចុះផ្សាយ​ពី Business Insider បាន​ឲ្យ​ដឹង​ក្រុម​អ្នកមាន​រុស្ស៊ី​ចាប់ផ្ដើម​យក​នាវា​ផ្ទាល់ខ្លួន និង​យន្តហោះ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ទៅ​រក្សាទុក និង​ចត​ចោល​នៅ​តំបន់ Dubai និង​ប្រជុំកោះ Maldives ដែល​ជាទីតាំង​អព្យាក្រឹត្យ​។

បន្ថែម​ពីនោះ The Times បាន​ឲ្យ​ដឹង​ទៀត​ថា នាវា​ផ្ទាល់ខ្លួន​របស់​អ្នក​នយោបាយ​រុស្ស៊ី​ម្នាក់ និង​នាវ ៣ ផ្សេងទៀត​របស់​មហាសេដ្ឋី​រុស្ស៊ី​បាន​ចតចោល​នៅ​តំបន់ Dubai តាំងពី​ថ្ងៃទី ០១ មីនា​មក​ម៉្លេះ ស្របពេល​យន្តហោះ​ផ្ទាល់ខ្លួន​របស់​អ្នកជំនួញ Arkady Rotenberg ក៏​ចតទុក​នៅ​ទីនោះ​ដូចគ្នា។

ដោយឡែក Marine Traffic Channel បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា នាវា​ ៣ របស់​មហាសេដ្ឋី​រុស្ស៊ី​ឯទៀត​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រជុំកោះ Maldives ដែល​មិន​ជាប់ពាក់ព័ន្ធ​ជាមួយ​សហរដ្ឋអាមេរិក និង Montenegro។

បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ថ្ងៃនេះ ចក្រភពអង់គ្លេស​បាន​ដាក់​ឈ្មោះ​មហាសេដ្ឋី​រុស្ស៊ី ៧ នាក់​ក្នុង​បញ្ជី​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​រួម​មាន Roman Abramovich ដែល​ធ្លាប់​សន្យា​ថា​ នឹង​លក់​ក្លឹប​បាល់ទាត់ Chelsea យក​ថវិកា​ទាំងនោះ​ទៅ​ជួយ​ដល់​ប្រជាជន​អ៊ុយក្រែន​ផង​ដែរ៕

ប្រភព: pagalparrot