រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ថ្មីៗនេះបាននិយាយថា វិក្កយបត្រឧបត្ថម្ភធនលើប្រេង របស់ប្រទេសម៉ាឡេស៊ី អាចកើនឡើងទ្វេរដង ដល់ ២៨ ពាន់លានរីងហ្គីត ឬប្រមាណ ៦,៧ ពាន់លានដុល្លារ នៅឆ្នាំនេះ ប្រសិនបើតម្លៃប្រេងឆៅ នៅតែស្ថិតក្នុងកម្រិតកើនឡើងខ្ពស់ បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ។
ជាក់ស្តែងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Tengku Zafrul Aziz បានប្រាប់ទៅកាន់សភាថា រដ្ឋាភិបាលបានចាប់ផ្តើមជំរុញការឧបត្ថម្ភធនរួចហើយ ដោយចំណាយប្រាក់ ២ ពាន់លានរីងហ្គីត ចំពោះការឧបត្ថម្ភធនលើប្រេងឥន្ធន: ប្រេងម៉ាស៊ូត និងឧស្ម័នរាវ ក្នុងខែមករា ដែលជាកើនកើនឡើងដប់ដង បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។
គួរឱ្យដឹងផងដែរថា ប្រទេសម៉ាឡេស៊ី បានចំណាយប្រាក់ ១១ ពាន់លានរីងហ្គីត ក្នុងការឧបត្ថម្ភធនលើប្រេង កាលពីឆ្នាំមុន ខណ:លោក Tengku បាននិយាយទៀតថា វិក្កយបត្រឧបត្ថម្ភធន ប្រចាំខែរបស់ម៉ាឡេស៊ី អាចកើនឡើងដល់ ២,៥ ពាន់លានរីងហ្គីត ប្រសិនបើសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តរក្សាតម្លៃប្រេងឆៅលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល ចំពេលដែលការផ្គត់ផ្គង់សកលកាន់តែមានភាពស្តួចស្តើង ។
លើសពីនេះ រដ្ឋមន្ត្រីខាងលើ បាននិយាយបន្ថែមទៀតថា រដ្ឋាភិបាលកំពុងតែពិនិត្យមើលយន្តការឧបត្ថម្ភធនរបស់ខ្លួន ដើម្បីធានាបាននូវការចែកចាយ ទៅដល់ក្រុម ដែលងាយរងគ្រោះ ដោយសារតែតម្លៃនៃទំនិញឧបត្ថម្ភធនផ្សេងទៀត ដូចជាប្រេងឆា ក៏ត្រូវបានកើនឡើងតម្លៃខ្លាំងផងដែរ ៕
ប្រភព: Bangkok Post