អ្នក​ជំនួញ​មាន​បំផុត​នៅ​រុស្ស៊ី ស្នើ​ប្រធានាធិបតី Putin កុំ​ដាក់​សំពាធ​ពាណិជ្ជកម្ម​ក្រុមហ៊ុន​លោក​ខាងលិច​នៅ​រុស្ស៊ី

អន្តរជាតិ

ដូច​គ្រប់គ្នា​បាន​ដឹង​រួច​មក​ហើយ​ថា ស្ទើរគ្រប់​ប្រទេស​ជុំវិញ​ពិភពលោក​ ពិសេស​តំបន់អឺរ៉ុប និង​លោក​ខាងលិច​កំពុង​សម្រុក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​កាន់​ប្រទេស​រុស្ស៊ី និង​មហាសេដ្ឋី​រុស្ស៊ី​ជាច្រើន​នាក់ តួយ៉ាង​ដូចជា​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហើយ​កាលពី​ថ្ងៃទី ១០ មីនា​កន្លង​ទៅ រដ្ឋាភិបាល​រុស្ស៊ី​ធ្លាប់​បាន​ព្រមាន​ដល់​ក្រុមហ៊ុន​លោកខាងលិច​ដែល​បង្អាក់​ដំណើរការ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ថា នឹង​រឹបអូស​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​របស់​ពួកគេ ជា​ការ​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​ប្រទេស​លោក​ខាងលិច​បាន​ធ្វើដាក់​ប្រជាជន​រុស្ស៊ី។

យ៉ាងណា ទង្វើ​មួយ​នេះ​គឺ​មិន​ត្រូវបាន​យល់ស្រប​ពី​អ្នកជំនួញ​មាន​បំផុត​នៅ​រុស្ស៊ី​គឺ Vladimir Potanin ឡើយ ដោយ​លោក​យល់ឃើញ​ថា ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​លោកខាងលិច​ នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ធ្លាក់ចូល​ក្នុង​រណ្ដៅ​កាន់តែជ្រៅ ពោល​អាច​នឹង​វិលថយក្រោយ​ទៅ​កាល​ពី​ជាង ១០០ ឆ្នាំ​មុន​ឯណោះ។

ប្រធាន​ក្រុមហ៊ុន Norilsk Nickel ខាងលើ​បាន​និយាយ​ថា រុស្ស៊ី​នឹង​ប្រឈម​នឹង​ការ​វិលថយក្រោយ​នៃ​សេដ្ឋកិច្ច​ទៅ​កាន់​ឆ្នាំ ១៩១៧ បើសិន​ជា​ហ៊ាន​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​លោកខាងលិច ហើយ​លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ព្យាយាម​រក​ដំណោះស្រាយ​ថ្មី​ ក្រៅពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ​មួយ​នេះ។

“​ជាដំបូង វា​អាច​នឹង​ធ្វើ​ឲ្យ​ពួកយើង​វិល​ទៅកាន់​ឆ្នាំ ១៩១៧ វិញ ហើយ​ផល​វិបាក​នៃ​ការ​សម្រេចចិត្ត​បែបនោះ នឹង​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​អស់​ជំនឿចិត្ត​មក​កាន់​រុស្ស៊ី ជាពិសេស​គឺ​វិនិយោគិន”។ នេះ​បើ​តាម​សារ​បង្ហោះ​នៅ​លើ​គណនី Telegram របស់ Norilsk Nickel។

“​បន្ថែម​ពីនោះ ខ្ញុំ​យល់ថា ការ​សម្រេចចិត្ត​ផ្អាក​អាជីវកម្ម​របស់​ក្រុមហ៊ុន​ទាំងនោះ​នៅ​ប្រទេស​រុស្ស៊ី​គឺ​ជា​រឿង​ដែល​សមស្រប​មួយ​ ហើយ​ប្រហែល​ជា​ពួកគេ​ក៏​ទទួល​បាន​សំពាធ​ខ្លាំង​ពី​មជ្ឈដ្ឋាន​សាធារណៈ​ផង​ដែរ។ ដូច្នេះ​ពួកគេ​នឹង​វិល​មក​វិញ​ឆាប់ៗ ហើយ​សម្រាប់​ខ្ញុំផ្ទាល់ គួរ​តែ​ទុក​ឱកាស​សម្រាប់​ពួកគេ”។

បញ្ជាក់​ដែរ​ថា មហាសេដ្ឋី​មាន​បំផុត​នៅ​រុស្ស៊ី​ម្នាក់​នេះ​ក៏​ទទួល​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​តំបន់​អឺរ៉ុប និង​លោក​ខាងលិច​ខ្លាំងគួរសម​ដែរ ពោល Bloomberg បាន​អះអាង​ថា លោក​បាន​បាត់បង់​ទ្រព្យសម្បត្តិ​ប្រមាណ ១/៤ ហើយ​បច្ចុប្បន្ន​នៅ​សល់​ទ្រព្យ​សម្បត្តិ​ ២២,៥ ពាន់​លាន​ដុល្លារ ខណៈ​តម្លៃ​ហ៊ុន​នៃ​ក្រុមហ៊ុន​ធ្លាក់​ចុះ​ដល់​ទៅ ៩០%​នៅ​លើទីផ្សារ​ហ៊ុន​ London៕

ប្រភព: CNN