កាលពីថ្ងៃសៅរ៍កន្លងទៅ ក្រុមប៉ូលិសរបស់ប្រទេសអ៊ីតាលីបានសម្រេចដកហូត និងរក្សាទុកនូវនាវាផ្ទាល់ខ្លួនរបស់មហាសេដ្ឋីរុស្ស៊ី Andrey Igorevich Melnichenko ខណៈការរឹបអូសមួយនេះធ្វើឡើងបន្ទាប់ពីឈ្មោះរបស់មហាសេដ្ឋីខាងលើមាននៅក្នុងបញ្ជីទណ្ឌកម្មសេដ្ឋកិច្ចដែលអឺរ៉ុបដាក់ទៅកាន់រុស្ស៊ី។
នាវាមួយគ្រឿងដែលត្រូវបានរក្សាទុកដោយរដ្ឋាភិបាលអ៊ីតាលីគឺមានប្រវែងដល់ទៅ ១៤៣ ម៉ែត្រ ជាមួយតម្លៃដល់ទៅ ៧៩៤ លានដុល្លារ និងបានសាងសង់នៅប្រទេសអាល្លឺម៉ង់គឺត្រូវបានចាត់ទុកថា ជានាវាចរធំបំផុតនៅលើលោក។
ដោយឡែក ម្ចាស់នាវាខាងលើគឺជាអ្នកជំនួញដ៏ធំមួយរូប លើវិស័យផលិតជី EuroChem Group និងក្រុមហ៊ុន SUEK តែក្រុមហ៊ុនទាំង ២ ខាងលើបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា លោក Melnichenko បានសម្រេចចិត្តលាលែងពីសមាជិកក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុនទាំង ២ តាំងពីថ្ងៃពុធម៉្លេះ។
ទន្ទឹមនឹងនោះ អ្នកនាំពាក្យរបស់មហាសេដ្ឋីខាងលើ Alex Adreev បានចេញមុខជំទាស់នឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើមហាសេដ្ឋីរូបនេះ ដោយលោកបានបញ្ជាក់ថា អ្នកជំនួញម្នាក់នេះមិនមានជាប់ពាក់ព័ន្ធជាមួយនឹងសោកនាដកម្មដែលកំពុងកើតមាននៅអ៊ុយក្រែនឡើយ ហើយការដាក់ទណ្ឌកម្មទៅលើលោកទាំងបែបនេះ គឺពិតជាមិនយុត្តិធម៌ទាល់តែសោះ។
បញ្ជាក់ដែរថា តាំងពីសប្ដាហ៍មុនមកទល់ពេលនេះ ក្រុមប៉ូលិសអ៊ីតាលីបានរឹបអូសភូមិគ្រឹះ និងនាវាផ្ទាល់ខ្លួនរបស់មហាសេដ្ឋីរុស្ស៊ីជាច្រើននាក់ដែលកំពុងមានឈ្មោះក្នុងបញ្ជីទណ្ឌកម្មសេដ្ឋកិច្ចរបស់អឺរ៉ុប ហើយបើគិតជាទឹកប្រាក់គឺមានច្រើនជាង ១ ពាន់លានដុល្លារហើយ៕
ប្រភព: AFR