ទាល់ច្រកខ្លាំង រុស្ស៊ី ទទូចឱ្យឥណ្ឌាបង្កើនការវិនិយោគលើប្រេង និងឧស្ម័នពីប្រទេសខ្លួន

អន្តរជាតិ

ថ្មីៗនេះ រុស្ស៊ី បានជំរុញឱ្យឥណ្ឌា បង្កើនការវិនិយោគរបស់ពួកគេ នៅក្នុងវិស័យប្រេង និងឧស្ម័នមកលើប្រទេសរបស់ខ្លួន ហើយមានបំណងចង់ពង្រីកបណ្តាញលក់របស់ក្រុមហ៊ុនរុស្ស៊ី នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំទី ៣ របស់អាស៊ីមួយនេះផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង សេដ្ឋកិច្ចរបស់រុស្ស៊ី កំពុងប្រឈមមុខជាមួយនឹងវិបត្តិដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ ១៩៩១ មក នៅពេលដែលប្រទេសលោកខាងលិច កំពុងព្យាយាមដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ចំពោះការឈ្លានពានរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ទៅលើប្រទេសអ៊ុយក្រែន ។

យ៉ាងណា សម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន បានលើកទឹកចិត្តឱ្យឥណ្ឌា ធ្វើការថ្កោលទោសចំពោះសកម្មភាពរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ប៉ុន្តែផ្ទុយទៅវិញរដ្ឋាភិបាលទីក្រុងញូវដែលី បានបដិសេធមិនធ្វើការបោះឆ្នោតប្រឆាំងទៅនឹងរុស្ស៊ីនោះឡើយ ព្រោះថាប្រទេសនេះ គឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំ និងយូរអង្វែងមួយ នៅអង្គការសហប្រជាជាតិ ។

ដោយឡែក ឧបននាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បាននិយាយថា ” ការនាំចេញប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ទៅកាន់ប្រទេសឥណ្ឌា បានឈានដល់ ១ ពាន់លានដុល្លារ ហើយវានឹងនៅតែបន្តមានឱកាស ក្នុងការបង្កើនតួលេខនេះបន្ថែមទៀត ” ។

លើសពីនេះ លោក Novak បានប្រាប់រដ្ឋមន្រ្តីក្រសួងប្រេង និងឧស្ម័នធម្មជាតិ លោក Hardeep Singh Puri ថា ” យើងចាប់អារម្មណ៍ ក្នុងការទាក់ទាញការវិនិយោគ របស់ឥណ្ឌាបន្ថែមទៀត ទៅកាន់វិស័យប្រេង និងឧស្ម័នរុស្ស៊ី និងការពង្រីកបណ្តាញលក់របស់ក្រុមហ៊ុនរុស្ស៊ី នៅក្នុងប្រទេសឥណ្ឌាផងដែរ “​ ។

គួរឱ្យដឹងផងដែរថា សហរដ្ឋអាមេរិក នៅសប្តាហ៍នេះ បានហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី ស្របពេលចក្រភពអង់គ្លេស បាននិយាយថា ពួកគេក៏នឹងបញ្ឈប់ការនាំចូលប្រេងពីប្រទេសនេះ នៅចុងឆ្នាំផងដែរ ខណ:ការសម្រេចចិត្តនេះ រំពឹងថានឹងផ្តល់ផលរំខានដល់ទីផ្សារថាមពលពិភពលោកបន្ថែមទៀត ព្រោះថាប្រទេសរុស្ស៊ី គឺជាអ្នកនាំចេញប្រេងឆៅធំបំផុតទី ២ ៕

ប្រភព: TheTimesofIndia